Thanks for Visited

ខ្ញុំមានមោទនភាពណាស់ដែលកើតជាកូនខ្មែរ

Saturday, April 3, 2010

Tuesday, September 15, 2009

នាក់ស្លាប់, ២៥នាក់បាត់ខ្លួនដោយសារទឹកជំនន់់នៅឥណ្ឌូនេស៊ី

នាក់ស្លាប់, ២៥នាក់បាត់ខ្លួនដោយសារទឹកជំនន់់នៅឥណ្ឌូនេស៊ី

ដោយ : Sthapana
Foreign

ខ្មែរស្ថាបនា(ksn-new.com)
15/ 09 / 2009

សកម្មភាពជួយសង្រ្គោះប្រជាជនដែលរងគ្រោះដោយសារទឹកជំនន់
ប្រជាជនឥណ្ឌូណេស៊ីត្រូវបង្ខំចិត្តផ្លាស់ប្តូរជំរក
ផ្ទះប្រជាជនត្រូវខូចខាតដោយសារទឹកជំនន់

Jakarta: យ៉ាងហោចណាស់ក៏មានប្រជាជន១២នាក់បានស្លាប់បាត់បង់ជីវិត និង២៥នាក់ផ្សេងទៀតបានបាត់ខ្លួនដោយសារទឹកជំនន់បានវាយលុកមកលើខេត្ត Sumatra ភាគខាងជើងនៃប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃអង្គារទី១៥ កញ្ញា នេះ។
ភ្លៀងបានធ្លាក់យ៉ាងខ្លាំងបានធ្វើឲ្យលិចផ្ទះប្រជាជនដែលមានកម្ពស់២ម៉ែត្រមុនពេលស្រកនៅសង្កាត់Madina នៃខេត្តនេះ។ យ៉ាងហោចណាស់មាន ២០០គ្រួសារត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព។
សាកសព ១២នាក់ត្រូវបានរកឃើញហើយ២៥នាក់ត្រូវបានបាត់ខ្លួននៅឡើយ៕

Sunday, September 13, 2009

I. ប្រវត្ដិទឹកដីខ្មែរ

I. ប្រវត្ដិទឹកដីខ្មែរការសិក្សាបុព្វប្រវត្ដិសាស្រ្ដខ្មែរ តំរូវអោយយើងដឹងពីអាយុកាលនៃទឹកដីខ្មែរផងដែរ ដែលមានប្រវត្ដិជាប់ទាក់ទងនឹងអាស៊ីអាគ្នេយ៍ទាំងមូល។ យ៉ាងណាមិញគេបានដឹងថា នៅដើម និងនៅចុងស័ក (ère)ទី១ ភូមិភាគអាស៊ីអាគ្នេយ៍ បានពើបប្រទះនឹងពើងផ្នត់កាលេដូន្យាង (Plissement calédonien) និងពើងផ្នត់អែរស៊ីន្យាង(Plissementhercynien) ដែលបន្ដាលអោយផុះផុលកើតបានជាជួរភ្នំ និងខ្ពង់រាបនានា នៅពាសពេញប្រទេសខ្មែរសព្វថ្ងៃ។បន្ទាប់មកដីដែលដុះ ផុសឡើងនេះក៏ត្រូវទឹកសមុទ្រ ទន្រ្ទានបន្ដាលអោយលិចលង់អស់ រហូតដល់ដំនាច់ស័កទី៣។ នៅដើមស័កទី៤មានការបំផុសដីម្ដងទៀតចាប់ពីភូមិភាគហេមពាន្ដ ចុះរហូតដល់ភូមិភាគអាស៊ីអាគ្នេយ៍ទាំងមូល។ ដីខ្មែរត្រង់ភាគខ្លះក៏ដុះឡើងកំពស់ពី៧០០ ទៅ ៨៨០ ម៉ែត្រ។ ក្នុងអំលុងស័កទី៤ នេះ គេសង្កេតឃើញលំនាច និងជំនោរទឹកសមុទ្រឆ្លាស់គ្នាច្រើនលើកច្រើនសា ជាហេតុបន្ដាលអោយដីដែលផុសឡើងហើយត្រូវលិចបាត់ទៅក្នុងទឹកសមុទ្រវិញ រួចផុសឡើងសាជាថ្មីម្ដងទៀត ។ នៅចន្លោះពី៦០០០០០ ដល់ ១៥០០០ ឆ្នាំមុន គ.ស. ទឹកសមុទ្របាននាចថយទៅពី១៣០ ដល់ ១៨០ម៉ែត្រ (បើប្រៀបធៀបនឹងកំពស់ទឹកសមុទ្រសព្វថ្ងៃ)។ ភូគព្ភវិទូខ្លះបានពន្យល់ថា ដោយអាស្រ័យហេតុខាងលើនេះហើយ បានជាកាលណោះភូមិភាគអិន្ឌូចិន និងប្រជុំកោះអាំងសុយឡាំង (Insulinde) ស្ថិតជាប់គ្នារហូតគ្មានសមុទ្រខណ្ឌ ដូចយើងឃើញសព្វថ្ងៃនេះទេ។ នៅប្រមាណ១៥០០០ឆ្នាំមុន គ.ស. ទឹកសមុទ្របានចោរឡើងកំពស់ ១៥ម ដែលជាហេតុនាំអោយទឹកដីខ្មែរក្រោមព្រមទាំងវាលទំនាបប្រទេសខ្មែរបច្ចុប្បន្នខ្លះលិចបាត់ទៅក្នុងទឹកវិញ។ នៅ ស.វ.ទី៣ មុន គ.ស. ទឹកសមុទ្របាននាចម្ដងៗទៅវិញ។ អែទន្លេមេគង្គក៏បាននាំដីល្បាប់មកចាក់បង្កើតជាដីសន្ដរចុះទៅទិសខាងត្បូង ដេញតាមសំរកទឹកសមុទ្រម្ដងៗដែរ(8)៨ = បែបរៀនសង្គមសិក្សា វិជ្ជាប្រវត្ដិសាស្រ្ដថ្នាក់មធ្យមសិក្សាឆ្នាំទី១ របស់ក្រុមវិជ្ជាការក្រសួងសិក្សាធិការ (ភាសាថៃ) បឹងកកព.ស. ២៥១២ គ.ស. ១៩៦៨
II. បុព្វប្រវត្ដិសាស្រ្ដខ្មែរតើទឹកដីខ្មែរដែលមានប្រវត្ដិដូចបានរៀបរាប់ខាងលើនេះ មានមនុស្សមករស់នៅចាប់តាំងពីពេលណាមក? ហើយការរស់នៅក្នុងសម័យដើមនោះមានលក្ខណៈដូចម្ដេចខ្លះ?។ ចំពោះបញ្ហានេះបុព្វប្រវត្ដិវិទូបានពោលថា បុព្វប្រវត្ដិសាស្រ្ដខ្មែរមិនទាន់មានលក្ខណៈច្បាស់លាស់ ព្រោះការស្រាវជ្រាវក្នុងវិស័យនេះមិនទាន់បានធ្វើអោយដិតដល់នៅឡើយ។ ចំពោះយុគថ្មបំបែក គេទើបតែរកឃើញដានខ្លះៗប៉ុណ្ណោះ។ នៅក្នុងឆ្នាំ ១៩៦៣ លោក E.Saurinបានរកឃើញដុំថ្មចាំងនៅទន្លេមេគង្គ នៅចន្លោះខែត្រស្ទឹងត្រែង និងខែត្រក្រចេះ។ ក្រៅពីនេះនៅមានវត្ថុផ្សេងៗទៀតធ្វើពីថ្មចាំង ត្រូវគេបានរកឃើញនៅតំបន់អង្គរដែរ។ ស្ថានីយអែទៀតៗ ដែលគេបានរកឃើញរហូតដល់សព្វថ្ងៃមានចំនួន៦ ហើយសុទ្ធតែស្ថានីយទាក់ទងនឹងយុគថ្មរំលីងលាយលោហធាតុ។
ក.១. ស្ថានីយសំរោងសែន អន្លង់ផ្ដៅ ម្លូព្រៃសំរោងសែនជាស្ថានីយមួយស្ថិតនៅខែត្រកំពង់ឆ្នាំង ខាងជើងបឹងទន្លេសាប។ ស្ថានីយនេះជាដីទួលមានកំពស់៥ម. ហើយមានផ្ទៃប្រមាណ ៦០០០ ម៉ែត្រក្រលាប៉ុណ្ណោះ ។ លោក Roques បានរកឃើញស្ថានីយនេះនៅឆ្នាំ១៨៧៩។ ក្រោយមកលោក Moura ១៨៨២ លោក Aymonier 1901 លោក Mansuy 1902 និង 1923 បានទៅធ្វើការរុករកនៅទីនោះទៀត។ ការរកឃើញស្ថានីយនេះនៅឆ្នាំ ១៨៧៦ ជាជំហានដំបូងក្នុងការស្រាវជ្រាវផ្នែកប្រវត្ដិសាស្រ្ដនៅអាស៊ីអាគ្នេយ៍។អន្លង់ផ្ដៅជាស្ថានីយមួយស្ថិតនៅចំងាយ ៣០គ.ម.ត្រង់ទិសអាគ្នេយ៍ពីសំរោងសែន ហើយមានប្រដាប់ប្រដាដូចនៅស្ថានីយខាងលើនេះដែរ ។ លោក Mansuy បានរកឃើញស្ថានីយនៅឆ្នាំ ១៩០២ ហើយបានដាក់ឈ្មោះហៅថា Longprao ទៀតផង។ ម្លូព្រៃស្ថិតនៅខាងជើងខេត្ដព្រះវិហារ ហើយត្រូវបានរកឃើញដោយលោក P.lévy នៅឆ្នាំ ១៩៤៣។ ស្ថានីយនេះថ្មីជាងស្ថានីយពីរខាងលើ ព្រោះមានប្រដាប់ប្រដាធ្វើពីលោហធាតុច្រើន។ វត្ថុដែលគេបានរកឃើញនៅស្ថានីយទាំង៣នេះមាន ៖
ពីថ្មរំលីង : ពូថៅដែលមានពន្លួញ ពន្លាក ញញួរ ត្មោងដំសំបកឈើ យកសរសៃ ទ្រនាប់ កាំបិទ កន្ដៀវ ថ្មសំលៀង ពុម្ពចាក់កន្ដៀវ កងដៃ ក្បាលត្រល់ អង្រែ ផ្លែសន្ទូចអំពីឆ្អឹងសត្វ : ចុងព្រួញ កាំបិត ផ្លែសន្ទូច កន្ដៀវ គ្រឿងអលង្ការពីសំបកខ្យង : អង្កាំ ទំហូពីដីអិដ្ឋ : ទំហូ អង្កាំ ក្អម ឆ្នាំង ចានទាប ចានក្រលូម ចានផើងពីលង្ហិន : ចុងព្រួញ កន្ដៀវ ពូថៅ ដួង ផ្លែសន្ទូចពីដែក : មានតែពន្លាក១គត់ នៅស្ថានីយម្លូព្រៃ។ឆ្អឹងមនុស្ស : ឆ្អឹងស្មង ឆ្អឹងភ្លៅ ឆ្អឹងដើមដៃ លលាដ៍ក្បាល១ សំនង់ផ្ទះបាយ : ធ្យូង។ក្នុងចំនោមរបស់ទាំងឡាយដែលបានរៀបរាប់ខាងពីលើយើងបានសង្កេតឃើញថា វត្ថុធ្វើពីថ្មរំលីងបាននៅលាយលំជាមួយនឹងវត្ថុធ្វើពីលោហធាតុ ។ ដូច្នោះយើងអាចសន្និដ្ឋានបានថា នៅប្រទេសខ្មែរយើងពុំមានព្រំដែនអោយបានច្បាស់
ពូថៅថ្មរំលីងមានពន្លួញ
ផ្លែសន្ទូចធ្វើពីលង្ហិន
ចានជើងធ្វើពីអិដ្ឋ
លាស់រវាងយុគថ្ម និងយុគលោហធាតុទេ ។ អែរបស់ដែលធ្វើពីដែក មានតែមួយគត់គឺ ពន្លាកនៅម្លូព្រៃ ត្រង់នេះសអោយឃើញថា មនុស្ស បុព្វប្រវត្ដិសាស្រ្ដប្រហែល ជាមិនទាន់ចេះស្លដែកនៅឡើយទេ។ ហើយបានរៀនបច្ចេកទេសនេះពីពួកអិន្ឌា ព្រោះគេបានសង្កេតឃើញថាពួកកួយដែលចេះស្លដែក នៅក្នុងខេត្ដកំពង់ធំនៅប្រើប្រាស់ស្នប់ ដែលគេឃើញមានប្រើប្រាស់ក្នុងរដ្ឋអុរិស្សរបស់អិន្ឌានៅឡើយ។ ម្យ៉ាទៀត ពិធីសែនព្រេន ដែលពួកកួយបានប្រារព្ធធ្វើ មុនពេលស្លដែកម្ដងៗ ក៏ជាពិធីខាងសាសនាព្រាហ្មណ៍ដែរ។
គួរបញ្ជាក់ថា នៅឆ្នាំ ១៩០១ គេបានរកឃើញនៅកោះសំរោងសែន នូវលលាដ៍ក្បាលមួយ ដែលពុកផុយច្រើនណាស់ទៅហើយ ដោយសារតែទឹកជំនន់នៅទីនោះ។ ក្រោយពីបានសិក្សាពួកបុព្វេប្រវត្ដិវិទូបានចាត់ទុកថាឆ្អឹងលលាដ៍នេះស្ថិតនៅចន្លោះពួកក្បាលកន្ដាល (mésocéphalie) គឺពួកក្បាលមូល (Sons- braachycéphalie)។ បើដូច្នេះយើងឃើញថា ចំនាត់ខាងលើនេះមានលក្ខណៈស្រប នឹងលទ្ធផលរបស់លោក J.Deriker ដែលលោកបានរកឃើញថា ជនជាតិខ្មែរបច្ចុប្បន្ននេះ ជាពូជដែលមានក្បាលមូល (Sous- brachycéphalie) ដោយមានសន្ទស្សន៍លលាដ៍ ៨៣,៦។ ការប្រៀបធៀបនេះបានអនុញ្ញាតអោយយើងសន្និដ្ឋានបានថា មនុស្សដែលរស់នៅសម័យសំរោងសែនគឺ ពិតជាបុព្វបុរស របស់ជនជាតិខ្មែរសព្វថ្ងៃ ហើយលោកមិនទាន់បានទទួលអិទ្ធិពលអិន្ឌានៅឡើយក្នុងវិស័យបូជាសព។ ដោយសំអាងទៅលើកំពស់ដីល្បាប់ ៥ម ដែលគ្របពីលើស្ថានសំរោងសែន អ្នកបច្ចេកទេសបានសន្និដ្ឋានថា ស្ថានីនេះមានអាយុប្រហែល ១០០ រឺ ២០០ ឆ្នាំមុន គ.ស.។
ក.២. ស្ថានីយព្រែកឆ្លូងនេះជាស្ថានីយថ្មរំលីងមួយទៀត ដែលលោក B.Groslier បានរកឃើញនៅព្រែកឆ្លូង សុ្រកមេមត់ ខេត្ដកំពង់ចាមនៅឆ្នាំ ១៩៦២ (១០) ជាយូរមកហើយ លោក Groslier បានសិក្សាពីលើយន្ដហោះ នូវស្នាដៃធ្វើពីដីមានរាងមូលដែលនៅរាយប៉ាយ ចាប់តាំងពីឡាបានសៀកដល់ឡុកនិញ (LocNinh) ក្នុងប្រទេសវៀតណាមខាងត្បូងដោយឆ្លងកាត់តាមមេមត់ បានសេចក្ដីថាស្នាដៃទាំងនោះស្ថិតនៅក្នុងតំបន់ដីក្រហមនៃចំការកៅស៊ូធំៗ។10=Henri Russier, Histoire sommaire du royaume du Cambodge des origines à nos jours (broch-ure ronéotypé 1929?
មានសញ្ញាសម្មតិកម្មជាច្រើនបានស្របគ្នា ជាហេតុនាំអោយលោក Groslier ជឿថា ទីកន្លែងទាំងនោះ ជាទីលំនៅរបស់ជនជាតិខ្មែរដើម។ ដូច្នេះដើម្បីធ្វើការបញ្ជាក់ពីគំនិតនេះនៅឆ្នាំ ១៩៦២ លោក Groslier បានជ្រើសរើសយកទីកន្លែងមួយនៅព្រែកឆ្លូងដើម្បីធ្វើកំនាយ ព្រោះកន្លែងនោះស្ថិតនៅចំកន្ដាលប្រព័ន្ធទាំងមូល។ ក្នុងការរុករកនេះ លោក Grolier បានរកឃើញរបស់ធ្វើពីថ្ម និងគ្រឿងចានឆ្នាំងមួយចំនួនធំ។ វត្ថុទាំងនោះបានបង្ហាញអោយឃើញថា នៅត្រង់កន្លែងដែលជាជំរំការពារយ៉ាងមាំមួននោះ មានមនុស្សរស់នៅដោយការរៀបចំយ៉ាងហ្មត់ចត់ហើយ។ ជំរំដែលលោក Groslier បានសិក្សា មានកំពែងរាងមូលព័ទ្ធជុំវិញ (វិជ្ឈមាត្រ ជាង២០០ម.) ហើយមានផ្លូវចូលពីរ ។ អាយុនៃជំរំមានប្រហែលពី១៥០០ ដល់ ៥០០(?) ឆ្នាំមុនគ.ស។ ប្រដាប់ប្រដាដែលធ្វើពីថ្មរំលីងមានរាងប្លែកៗ ខ្លះមានរាងជាពង ខ្លះរាងជាចតុមុម យកលំនាំតាមរបស់ដែលធ្វើពីលង្ហិនដំបូង។ គ្រឿងចានឆ្នាំងមានរាងច្រើនបែបយ៉ាងហើយ មានក្បាច់រចនាល្អវិចិត្រ ប៉ុន្ដែក្រោយមកបែរជាមានសភាពគ្រោតគ្រាតគ្មានលំអអ្វីសោះ។ វត្ថុទាំងអស់នេះគេចាត់ទុកថាជាស្នាដៃរបស់ជនជាតិខ្មែរដើម មុនពេលដែលជនជាតិនេះចុះមករស់នៅត្រង់វាលទំនាបនៃទន្លេមេគង្គ និងមុនពេលដែលបានទទួលអរិយធម៌អិន្ឌា។
ក.៣ ស្ថានីយល្អាងស្ពានពីឆ្នាំ ១៩៦៦ ដល់ឆ្នាំ១៩៦៩ លោកនិងលោកស្រី Mourer សាស្រ្ដាចារ្យនៅមហាវិទ្យាល័យបុរាណវត្ថុវិទ្យា ដោយមាននិស្សិតនៃមហាវិទ្យាល័យនេះចូលរួមផង បានធ្វើកំនាយនៅរូងភ្នំល្អាងស្ពាននៃភ្នំទាកទ្រាំង មានចំងាយប្រមាណ ៥គ.ម. ពីអន្ដើកហែបខែត្របាត់ដំបង(11) ។ វត្ថុដែលគេបានរកឃើញមានចំនួនប្រមាណ ២០០០ ហើយមានជាអាទិ គ្រឿងប្រដាប់ធ្វើពីថ្មសំនង់ផ្ទះបាយ សាកសពសត្វល្អិត បំនែកគ្រឿងចានឆ្នាំង ឆ្អឹងសត្វ(RhinocerosSondaicusm Desm) និងឆ្អឹងមនុស្ស (ឆ្អឹងដើមដៃ និងឆ្អឹងដងកាំបិត)។ វត្ថុទាំងនេះត្រូវបានគេផ្ញើទៅប្រទេសបារាំង ដើម្បីធ្វើការសិក្សា។ ដុំធ្យូងជាច្រើនដែលគេរកឃើញក្នុងស្រទាប់លើ អនុញ្ញាតអោយគេចុះកាលកំនត់ដោយវិធីវិទ្យុសកម្ម (G 14) ៖
ស្រទាប់ទី១ = 1200 BP (750 ក្រោយ គ.ស)
ស្រទាប់ទី៣ = 4200 BP (2050 មុន គ.ស)
ស្រទាប់ទី៤ = 6250 (4290 មុន គ.ស.)
11 = Adhémard Leclère, le Sdach Kân, Imprimerie coloniale, Saigon,1911
ក. ៤ ស្ថានីយក្បាលរមាសនៅចន្លោះឆ្នាំ ១៩៦៦ និងឆ្នាំ ១៩៦៩ លោក Carbonnel និង Dalibrias បានធ្វើការរុករកក្នុងរូងភ្នំដែលជាលំនៅរបស់មនុស្សបុព្វប្រវត្ដិសាស្រ្ដនៅភ្នំក្បាលរមាសក្នុងខែត្រកំពត។ នៅទីនោះ លោកទាំងពីរបានរកឃើញនូវគ្រឿងចានឆ្នាំងដែលមានអាយុ ៣៤២០ឆ្នាំមុន គ.ស (11)។11 = Adhémard leclère, ke Sdach Kân, Imprimerie coloniale, Saigon 1911
ខ. ជីវភាពក្នុងសម័យបុព្វប្រវត្ដិសាស្រ្ដ ខ. ១. ពូជមនុស្សការសិក្សាឆ្អឹងលលាដ៍ដែលលោក Aymonier បានរកឃើញនៅសំរោងសែននៅឆ្នាំ ១៩០១ បានង្ហាញអោយយើងឃើញថា មនុស្សដែលរស់នៅ នៅសម័យសំរោងសែនគឺ ពិតជាបុព្វបុរសរបស់ជនជាតិខ្មែរសព្វថ្ងៃ។ អែការសិក្សាពីបំនែកឆ្អឹងផ្សេងៗ អោយយើងដឹងថាមនុស្សនៅម័យនោះ ជាមនុស្សមានមាឌមធ្យម តែមាំហើយមានចិញ្ចើមលយទៀតផង។
ខ. ២. ភូមិស្រុករបស់ប្រើប្រាស់នៅយុគថ្មរំលីង មនុស្សចូលចិត្ដរស់នៅក្នុងរូងភ្នំ (ភ្នំក្បាលរមាស ភ្នំទាកទ្រាំង) រឺលើខ្ពង់រាប (មនុស្សសម័យមេមត់)ក្រោយមកទៀតទើបចេញមករស់នៅត្រង់វាលខាងជើងបឹងទន្លេសាប (សំរោងសែន អន្លង់ផ្ដៅ) រឺទៅខាងជើងបន្ដិចទៀត (ម្លូព្រៃ)។ ខ្ទមពួកនេះធ្វើពីឈើ ហើយសង់ខ្ពស់ពីដី ដើម្បីជៀសវាងទឹកជំនន់ និងសត្វសាហាវ។ អែឈើដែលគេយកទៅសង់ផ្ទះ គឺបានមកពីកាប់ដោយពូថៅថ្មធំៗ។ នៅក្នុងស្ថានីយជាច្រើន គេបានរកឃើញគំនរសំនល់ផ្ទះគឺបានមកពីកាប់ដោយពូថៅថ្មធំៗ។ នៅក្នុងស្ថានីយជាច្រើនគេបានរកឃើញគំនរសំនល់ផ្ទះបាយមានជាអាទិសំបកខ្យងខ្ចៅ ឆ្អឹងសត្វ ឆ្អឹងត្រី អំបែងក្អមឆ្នាំង៘ អែប្រដាប់ប្រើប្រាស់វិញមានក្អម ចាន ឆ្នាំង ពូថៅថ្មប្រដាប់សំរាប់ដំស្បែកសត្វ។
ខ. ៣. សកម្មភាពនៃអ្នកស្រុកមនុស្សចេះធ្វើស្រែវស្សារួចហើយក្នុងតំបន់បឹងទន្លេសាប រហូតដល់ម្លូព្រៃថែមទៀត ព្រោះគេបានរកឃើញកន្ដៀវជាច្រើន ខ្លះធ្វើពីឆ្អឹងសត្វ ខ្លះធ្វើពីលង្ហិន ។ សត្វដែលគេចិញ្ចឹមច្បាស់ជាមាន គោ និង ជ្រូកនេះហើយ។ ក្រៅពីស្រូវមនុស្សត្រូវការសាច់សត្វដែលគេបានមកដោយការបរបាញ់ ព្រោះគេបានរកឃើញចុងព្រួញ (១ធ្វើពីដែកច្រើនទៀតធ្វើពីឆ្អឹង) និងពីការនេសាទ្រត្រី (ផ្លែសន្ទូចធ្វើពីឆ្អឹង និងលង្ហិន)។ ត្រង់ដែលគេបានរកឃើញ បង្ហាញថាមនុស្ស សម័យនោះចេះត្បាញទៅហើយ។ គេមិនបានដឹងច្បាស់ថា វត្ថុធាតុដើមដែលគេប្រើក្នុងមុខរបរនេះជាអ្វីទេតែបើតាមប៉ាន់ស្មានមើលទៅគឺកប្បាសហ្នឹងអែង។
ខ. ៤. ជំនឿ ទំនៀមទំលាប់គេមិនអាចស្គាល់ច្បាស់ពីជំនឿ និងទំនៀមទំលាប់របស់មនុស្សដើមទាំងនោះទេ ចំពោះវិធីរំលាយសព បើតាមគេស្មានមើលទៅប្រហែលគេដាក់សពអោយអង្គុយចោងហោង ហើយគេបំពាក់គ្រឿងអលង្ការអោយ មានកងដៃនិងខ្សែកជាដើម។
III អរិយធម៌ស្រ្ដូអាស៊ីការសិក្សាពីជីវភាពក្នុងសម័យបុព្វប្រវត្ដិខាងលើ បានបង្ហាញអោយឃើញថា ជីវភាពមានលក្ខណៈជា «អរិយធម៌អូស្រ្ដូអាស៊ី»។ តើអ្វីទៅដែលហៅថា អរិយធម៌អូស្ដ្រូអាស៊ី ហើយអរិយធម៌នេះមានគោលសំខាន់អ្វីខ្លះ?
ក្នុងកាលដ៏យូរលង់ មុនការមកដល់នៃជនជាតិចិន និងជនជាតិអិន្ឌាអាស៊ីអាគ្នេយ៍បានស្គាស់នូវអរិយធម៌ពិសេសមួយបែប។ តាមពិតអរិយធម៌នេះបានលាតសន្ធឹងលើអាស៊ីខាងត្បូងចាប់តាំងពីប្រទេសអិន្ឌារហូតដល់ Nuvell Guinée ដោយរាប់បញ្ចូលទាំងប្រទេសចិនខាងត្បូងផង (ចាប់ផ្ដើមតាំងពីទន្លេយ៉ង់សេចុះក្រោម)។ ដោយហេតុតែអរិយធម៌ទាំងនោះមានលក្ខណដូចគ្នាច្រើន គេអោយឈ្មោះហៅថា អរិយធម៌អាស៊ីខាងត្បូង(អូស្រ្ដូអាស៊ី) រឺអរិយធម៌ខ្យល់រដូវ)(១២)។ យ៉ាងណាមិញលោក A M Hocart និងលោក P.Mus បានសង្កេតឃើញមានភាពដូចគ្នាក្នុងជំនឿជាមូលដ្ឋាន និងក្នុងពិធីសំខាន់ៗក្នុងភូមិភាគអាស៊ីខ្យល់រដូវទាំងមូល។ គេមិនទាន់ដឹងច្បាស់ថាអរិយធម៌នេះហូរចេញពីមជ្ឈមណ្ឌលណាឡើយទេ។ ចំពោះរឿងនេះមានសម្មតិកម្មពីរយ៉ាង(១៣):13 = Lê Thanh Khôi,Histoire del l'Asie du Sud - est PUF. Que sais-je? Paris, 1959
- អ្នកខ្លះយល់ថាប្រហែលជាមានអំបូរមនុស្សមួយ រឺច្រើនដែលមានរិសគល់នៅអិន្ឌូចិន រឺនៅលើកោះ បានហូរចូលទៅក្នុងប្រទេសអិន្ឌាមុនកាលមកដល់របស់ពួកអារ្យ។ - ខ្លះទៀតយល់ផ្ទុយទៅវិញថាពួកទ្រាវិឌ រឺពួកអារ្យដែលចូលលុកលុយប្រទេសអិន្ឌាតាមទិសពាយព្យ បានរុញច្រានអោយពួកអ្នកស្រុកដើមថយទៅខាងត្បូង រឺទៅខាងកើត ហើយបានធ្វើដំនើរទៅកាន់អិន្ឌូចិន និងប្រជុំកោះ insoline។ទោះជាមានប្រភពមកពីណាក៏ដោយ យើងអាចបញ្ជាក់នូវគោលសំខាន់ៗនៃអរិយធម៌អូស្រ្ដូអាស៊ីបានដូតទៅ៖
១. ក្នុងវិស័យសំភារៈ - ចេះធ្វើស្រែវស្សា - ចេះវិធីបញ្ចូលទឹកក្នុងស្រែ - ចេះប្រើគោក្របី និងធ្វើប្រដាប់សំរាប់ធ្វើស្រែខ្លះ - ចេះស្លលោហធាតុ - ស្ទាត់ជំនាញខាងនាវាចរណ៍ៈ អរិយធម៌នេះត្រូវគេផ្សព្វផ្សាយរហូតដល់កោះ Madagascar ហើយអ្នកខ្លះថា រហូតដល់ប្រជុំកោះជប៉ុនថែមទៀត ព្រោះទំនាក់ទំនងនេះ គេសំអាងទៅលើប្រដាប់ប្រដាសម័យបុព្វប្រវត្ដិសាស្រ្ដ លើភាសានិងរបាំប្រពៃនី។ គេយល់ថា ហេតុដែលនាំអោយអរិយធម៌នេះ ត្រូវបានផ្សព្វផ្សាយទៅឆ្ងាយដូច្នេះ ព្រោះតែមនុស្សជំនាន់នោះចេះទាញផលប្រយោជន៍ពីភាពឆ្លាស់គ្នានៃខ្យល់រដូវ។
២. ក្នុងវិស័យសង្គមកិច្ច ក្នុងវិស័យនេះមានការទុកស្រីជាធំក្នុងគ្រួសារ និងសង្គម Matriareat និងការរាប់ញាតិតាមខ្សែស្រលាយខាងម្ដាយ filiation en lingne maternelle។ ចំពោះខ្មែរយើង គោលសំខាន់ខាងលើនេះ តែងបានបន្សល់នូវដាន ជាក់លាក់តាំងតែពីដើម រហូតមកដល់សព្វថ្ងៃ។ យ៉ាងណាមិញរឿងព្រេងដែលទាក់ទង នឹងការបង្កើតបឋមវង្ស ហើយដែលអ្នកប្រវត្ដិសាស្រ្ដចិនបានកត់ត្រាទុក ហ៊ុន ទៀន និងនាងលីវយី បានបង្ហាញថាអ្នកដឹកនាំសង្គមខ្មែរក្នុងសម័យដើមមានភេទជាស្រី។
អែសិលាចារឹកបានអោយពត៌មានថា នៅសម័យអង្គរ ស្រីមានអំនាចទុកដាក់ចែកចាយទ្រព្យសម្បត្ដិគ្រួសារ តាមចំនង់ចិត្ដរបស់ខ្លួន ដោយមិនបាច់សុំយោបល់ពីប្ដីទេ ចំនែកប្ដីវិញបើចង់ធ្វើអំនោយត្រូវទទួលការយល់ព្រមពីប្រពន្ធជាមុន រឺបើពុំដូច្នោះទេ ទាល់តែបញ្ជាក់ថាទ្រព្យនេះជាទ្រព្យផ្ទាល់របស់ខ្លួនជាប្ដី អិតមានទាក់ទងនឹងប្រពន្ធទេ។ម្យ៉ាងទៀត ការចែកកេរមត៌តក តែងធ្វើតាមខ្សែស្រលាយខាងស្រីជាដរាប ការផ្ទេរការងារជាព្រហ្មណ៍ មិនត្រូវផ្ទេរពីអូវពុកទៅកូនទេ តែត្រូវផ្ទេរពីអូវពុកទៅកូនប្រុសរបស់ប្អូនស្រី រឺក៏ពីអូវពុកមាទៅកូនប្រុសរបស់កូនស្រីនៃប្អូនស្រីរបស់ខ្លួន។ របបចែកកេរមរត៌កដោយចាប់យកខ្សែស្រលាយខាងម្ដាយជាធំ matrilinéarité ត្រូវគេយកទៅអនុវត្ដក្នុងការផ្ទេររាជសម្បត្ដិទៀត : សិលាចារឹក ប្រែរូប (៩៦១) បានអោយដឹងថា ព្រះបាទរាជេន្រ្ទវរ័្មនទី២មានព្រះបិតាព្រះនាម មហេន្រ្ទវរ្ម័ន ដែលមានដើមកំនើតនៅ ភវបុរ ចេនលាដីគោក អែព្រះមាតាព្រះនាម មហេន្រ្ទទេវីជាបងបង្កើតរបស់ព្រះបាទយសោវរ្ម័នទី១ ជាក្សត្រខាងសោមវង្ស ដោយហេតុនេះហើយ ទើបទ្រង់អាចទទួលរាជសម្បត្ដិ ពីព្រះបាទហសិវរ្ម័នទី៤? ជាក្សត្រសោមវង្សបាន(១១)។១១ = មើលលេខយោងខាងលើ
គួរកត់សំគាល់ថា មានរឿងព្រេងខ្មែរជាច្រើនបាននិទានពីការប្រកួតប្រជែងរវាងស្រី និងប្រុសក្នុងវិស័យផ្សេងៗមានការជីកស្រះ ពូនភ្នំ សង់ប្រាសាទជាដើម ហើយទោះបីរឿងទាំងនោះបានបញ្ជាក់ថា ភេទស្រីមានជ័យជំនះលើប្រុសក៏ដោយ ក៏សព្វថ្ងៃនេះសង្គមខ្មែរបានវិវត្ដមកដល់ដំនាក់ការមួយដែលភេទស្រី ត្រូវបាត់បង់អុត្ដមភាពរបស់ខ្លួនទៅលើភេទប្រុសទៅហើយ។ ប៉ុន្ដែសង្គមនេះនៅរក្សាដានខ្លះល្មមអោយយើងជឿបាននូវអត្ថិភាពរបស់ទស្សនៈទុកស្រីជាធំនៅឡើយ។ យ៉ាងណាមិញ របស់ រឺមនុស្សដែលមានរឺមានតួនាទីជាធំចំបងលើគេអែទៀតខ្មែរយើងនៅតែហៅថា មេ ដូចមេដៃ មេជើង មេដំបូល មេដែក មេទ័ព មេឃុំ មេស្រុក មេគយ មេការ៘ ក្នុងការស្ដីដន្ដឹងគូស្រករ ត្រូវប្រុសចូលទៅនិយាយសុំសេចក្ដីព្រមពីខាងស្រី លុះដល់ពេលរៀបការ ខ្មែរយើងក៏និយមទៅធ្វើផ្ទះខាងស្រីទៀត។ ហើយភស្ដុតាងដែលជាក់ស្ដែងជាងនេះទៅទៀត គឺពាក្យស្លោកខ្មែរមួយវគ្គដែលបានចែងថា «សូវស្លាប់បាកុំអោយស្លាប់មេ សូវលិចទូកកន្ដាលទន្លេកំអោយភ្លើងឆេះផ្ទះ»។
ដោយអាងទៅលើគោលធំមួយនៃអរិយធម៌ខ្មែរ គឺការទុកស្រីជាធំក្នុងគ្រួសារ និងក្នុងសង្គមនេះហើយទើបយើងយល់ថា ខ្មែរ ទំនងជាក្លាយមកពី ក + មេ ដូចមានការវិវត្ដន៍ដូចតទៅនេះ
ក + មេ > កមេ > ក្មេ > ក្មេរិ >ខ្មែរិ >ខ្មែរ
- ក្នុងភាសាខ្មែរិ ព្យញ្ជនៈ «ក» ជាបុព្វបទមួយសំរាប់ធ្វើន័យរបស់ពាក្យណាមួយអោយមានលក្ខណៈកាន់តែខ្លាំងក្លាឡើង។ អុទាហរណ៍ កកាយ (ញាប់ជាងធម្មតា) កកូរ (កូញាប់ជាងធម្មតា) កខឹក (សើច លឺកខឹកៗ ញាប់ជាងធម្មតា) - មេ សំគាល់ស្រ្ដីជាម្ដាយនៅក្នុងគ្រួសារ រឺស្រ្ដីជាអ្នកដឹកនាំនៅក្នុងសង្គម។ - ក្មេរិ បានន័យថា អ្នកគោរពមេ គឺអ្នកធ្វើអោយមេមានលក្ខណៈកាន់តែច្បាស់ឡើង។ ពាក្យនេះមាន ប្រើនៅក្នុងសិលាចារឹកមុនសម័យអង្គរ ដូចជានៅសិលាចារឹកប្រាសាទជាន់ជុំជាដើម។ - ខ្មេរិ ក្លាយមកពីក្មេរិទៀតគឺ ក ក្លាយមកជា ខ ។ ពាក្យនេះមានប្រើនៅសម័យអង្គរ ក្នុងសិលាចារឹក ប្រាសាទបន្ទាយឆ្មារជាដើម គឺក្នុងសម័យដែលខ្មែរយើងបានបង្កើតតួ ខ សំរាប់សរសេរពាក្យបាលី សំស្រ្កឹត។ - ខ្មេរិក្លាយមកពីខ្មេរនេះទៀត ដូចជាម៉ែដែលបានក្លាយមកពីមេដូច្នេះដែរ។
ដើម្បីជាការប្រៀបធៀប គួរគប្បីជ្រាបថា ជនជាតិអិន្ឌា និងជនជាតិចិន ដែលធ្លាប់តែជះអិទ្ធិពលរបស់ខ្លួនមកលើជាតិខ្មែរនោះ គេមិននិយមទុកស្រ្ដីជាធំដូចខ្មែរយើងទេ ផ្ទុយទៅវិញគេទុកប្រុសជាធាតុមានតំលៃជាងស្រី។ចំពោះជនជាតិអិន្ឌាគេដឹងថា តាំងតែពីព្រេងនាយមកស្រីមេម៉ាយពុំមានសិទ្ធយកប្ដីថ្មីទៀតឡើយ : កាលណាប្ដីស្លាប់ទៅស្រ្ដីអិន្ឌាត្រូវនៅបំរើគ្រួសារប្ដីតទៅទៀត រឺមួយលោតទៅក្នុងភ្លើងស្លាប់តាមប្ដីដើម្បីជៀសអោយផុតពីលំបាកវេទនាក្នុងការរស់នៅ(១៥)។ ម្យ៉ាងទៀតពាក្យ ប្ដី ដែលក្លាយមកពីពាក្យ បតិ =ម្ចាស់ ក៏អាចបង្ហាញអោយឃើញថា ជនជាតិអិន្ឌាមានទស្សនៈខុសឆ្ងាយពីខ្មែរណាស់។
ចំនែកក្នុងសង្គមចិនវិញ គេឃើញមានការគោរពបូជាដូនតា។ ក្នុងគ្រួសារនិមួយៗ គឺប្ដីជាអ្នកមានមុខងារសំខាន់ក្នុងការទទួលខុសត្រូវធ្វើយ៉ាងណាអោយការគោរពបូជានេះ អាចប្រព្រឹត្ដទៅដោយគ្មានអុបសគ្គ។ បើអូវពុកស្លាប់ទៅ គឺកូនច្បងនេះហើយដែលត្រូវទទួលតំនែងសំខាន់ខាងលើជាជំនួសអូវពុក អែកូនស្រីគ្មាននាទីអ្វីបន្ដិចបន្ដួចសោះឡើយ ក្នុងបន្ទុកនោះ។ ហើយនេះហើយបានជាជនជាតិចិន មិនអោយតំលៃទៅលើកូនស្រីទេ តែកាលណារៀបការហើយ គេតែងបញ្ជូនអោយទៅនៅគ្រួសារខាងប្រុស។ បើកាលណាប្ដីស្លាប់ ត្រូវនៅបំរើគ្រួសារខាងប្ដីតទៅទៀត។ តាមទំលាប់ចិន កូនស្រីមិនទាន់មានប្ដី ត្រូវស្ដាប់បង្គាប់អូវពុក បើមានប្ដីត្រូវស្ដាប់បង្គាប់ប្ដី ហើយបើផុតពីប្ដីទៅត្រូវស្ដាប់បង្គាប់កូនប្រុសច្បង (Régle des trois soumission) គួរកត់សំគាល់ម្យ៉ាងទៀតថា ជនជាតិចិននិយមអោយតំលៃទៅញាតិខាងអូវពុក : អុទាហរណ៍ ដូចជាជីដូនជីតាខាងអូវពុកគេហៅថា ជីដូនជីតាក្នុង អែជីដូនជីតាខាងម្ដាយគេហៅថា ជីដូនជីតាក្រៅ ក្នុង គឺក្នុងរង្វង់គ្រួសារ ក្រៅ គឺក្រៅរង្វង់គ្រួសារគេមិនសូវរាប់រកទេ
៣. ក្នុងវិស័យជំនឿ មនុស្សជាន់ដើមជឿថាមនុស្សស្លាប់ទៅមិនសូន្យទេ គឺមានព្រលឹងទៅចាប់ជាតិថ្មីទៀត។ ពួកខ្មែរលើដែលរស់នៅលើខ្ពង់រាបសព្វថ្ងៃ ក៏នៅមានជំនឿបែបនេះដែរ ពួកនេះចែកព្រលឹងជាបីប្រភេទ គឺព្រលឹងធំដែលចេញពីខ្លួនមនុស្ស ៦ខែមុនពេលស្លាប់ ព្រលឹងតូចចេញទៅនៅពេលស្លាប់ នឹងព្រលឹងខ្លះទៀតស្លាប់៦ខែហើយទើបព្រមចេញ(១៦)។ ដល់កាលណាមនុស្សស្លាប់ទៅគេយកទៅកប់ ហើយគេយកគ្រឿងប្រដាប់ដែលបុគ្គលនោះធ្លាប់ប្រើយកទៅកប់ជាមួយដែរ ដើម្បីទុកអោយប្រើប្រាស់ទៅទៀត។ ខ្មែរយើងសម័យអិលូវ តែកាលណាមានមនុស្សស្លាប់ គេតែងរៀបគ្រឿងបន្លុងប្រគេនចំពោះព្រះសង្ឃ ដើម្បីបញ្ជូនអោយអ្នកស្លាប់នោះដែរ។ បើតាមការស្រាវជ្រាវរបស់បុព្វប្រវត្ដិវិទូ មនុស្សជាន់ដើមនិយមបញ្ចុះខ្មោចក្នុងក្រល រឺក្នុងថ្មដុល dolmen រឺ menhir ដោយដាក់អោយសពអង្គុយ។ ទំលាប់នៅស្ថិស្ថេររហូតមកដល់សព្វថ្ងៃ : បើកាលណាមានវរជនស្លាប់ គេយកសពទៅដាក់ក្នុងកោដ្ឋដែលប្រហែលជាក្លាយមកពីក្រលនោះហើយ អែធាតុរបស់រាស្រ្ដសាមញ្ញ ក៏គេយកទៅដាក់ក្នុងកោដ្ឋ ហើយបញ្ចុះក្នុងចេតីយដែរ។១៦ = ពង្សាវតារប្រទេសលាវ គឺក្រុងហ្លួងព្រះបាង ក្រុងវៀងចន្ទ ក្រុងជូន និងក្រុងចំប៉ាសាក់ ជាភាសាលាវ វៀងចន្ទ គ.ស. ១៩៦៧។ Annales de Laos-Luang Prabang- vein tiane Tranninh et Bassac, Publiées la22e année du régne de S.M. Sisavang Vong du Luang Prabang.1926
ផលវិបាកសំខាន់ដែលហូរចេញពីជំនឿដែលថាមនុស្សស្លាប់ទៅមិនសូន្យ គឺជំនឿលើខ្មោចអារក្សអ្នកតានេះអែង។ អ្នកតាជាព្រលឹងនៃជនដែលស្លាប់ទៅហើយ តែនៅរក្សាមើលសុខទុក្ខដល់កូនចៅតទៅទៀត បើជាស្រីគេហៅថា អ្នកដូន។ ខ្មែរយើងសព្វថ្ងៃនៅមានជំនឿលើអ្នកតាច្រើននៅឡើយ ជាពិសេសក្នុងចំនោមអ្នកស្រែចំការ ខ្ទមអ្នកតា គេឃើញមានពាសពេញភូមិស្រុក ហើយពិធីសែនឡើងអ្នកតាក៏គេប្រារពធ្វើរៀងរាស់ឆ្នាំដែរ។ ពួកខ្មែរលើក៏មានជំនឿដូចគ្នានេះដែរ ហើយគេហៅអ្នកតាថាព្រះ ដូច្នេះយើងឃើញថា ពួកអ្នកស្រុកអាយមានទំលាប់គោរពបូជាដូនតានេះស្រេចទៅហើយ នៅមុនពេលអិន្ឌាចូលមកដល់។ លុះលទ្ធិពុទ្ធសាសនានាំចូលមក ជំនឿដែលចាត់ទុកថាមនុស្សស្លាប់ទៅមិនសូន្យ ព្រោះមានវិញ្ញាណទៅកើតជារូបថ្មីទៀត ក៏មានលក្ខណៈប្រហាក់ប្រហែល នឹងជំនឿរបស់អ្នកស្រុកអាយ (ព្រលឹង ហើយនិងវិញ្ញាណមិនដូចគ្នាបេះបិទទេ) ហើយក៏បានពួកនេះទទួលយកទៅ។សព្វថ្ងៃនេះបុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យសំយោគរវាងជំនឿបែបពុទ្ធសាសនា និងជំនឿអ្នកស្រុកអាយ។
មនុស្សជំនាន់ដើមមានជំនឿម្យ៉ាងទៀតថា កន្លែងសំរាប់គោរពបូជាគឺស្ថិតនៅលើកំពស់ មានកំពូលភ្នំជាដើម។ គឺជំនឿបែបនេះហើយដែលបង្កើតអោយមានទស្សនៈក្នុងការករសាងប្រាសាទភ្នំ អេតណូ-វិទូខ្លះដូចជាលោកQuarit Ches Wates បានពន្យល់ថា ប្រាសាទភ្នំជាដំនាងភ្នំ អែលិង្គតំកល់ក្នុងប្រាសាទជាតួអ្នកតានេះអែង។
ជំនឿមួយទៀតរបស់អ្នកស្រុកដើមដែលគួរអោយកត់សំគាល់ដែរ គឺការគោរពទេព្ដាដី ព្រោះដីជាមូលដ្ឋានផ្ដល់នូវស្រូវអង្ករអាហារសំខាន់។ ជំនឿនេះ គេឃើញមានរំលឹកឡើងវិញក្នុងពិធីច្រត់ព្រះនង្គ័លបើករដូវធ្វើស្រែចំការ។
ក្នុងវិស័យភាសា គេឃើញមានប្រើភាសាដែលគេអាចបង្កើតពាក្យថ្មីបានដោយប្រើបទដើម pr-fixes បទជ្រែក infixes និងបទចុង។ ចំពោះខ្មែរយើងធ្វើកំលាយពាក្យដោយប្រើបទដើម និងបទជ្រែកឃើញនៅស្ថិតស្ថេររហូតដល់សព្វថ្ងៃ ហើយប្រកបដោយក្បួនខ្នាតច្បាស់លាស់ណាស់។ ម្យ៉ាងទៀតការសិក្សាស្រាវជ្រាវបានបង្ហាញអោយឃើញថាវិធីបែបនេះ ក៏មានពិតប្រាកដក្នុងភាសាមនដែរ។

ប្រាសាទខ្មែរលើទឹកដីកម្ពុជា

ប្រាសាទភាគច្រើន​ស្ថិតនៅខេត្តសៀមរាប។ ប្រាសាទដែលមិនស្ថិតនៅខេត្តសៀមរាប​ ត្រូវបានបញ្ជាក់ឈ្មោះទីតាំងនៅក្នុងវង់ក្រចក។ រាយនាមប្រាសាទត្រូវបានតំរៀបតាមលំដាប់អក្ខរក្រមខ្មែរ។
ប្រាសាទកោះកេរ (ខេត្តព្រះវិហារ)
ប្រាសាទក្រវាន់
ប្រាសាទក្រោលគោ
ប្រាសាទកុដិគូរ
ប្រាសាទកុដ្តិស្វរៈ (ខេត្តសៀមរាប)
ប្រាសាទគុហនគរ (ខេត្តកំពង់ធំ)
ប្រាសាទកំពង់ព្រះ
ប្រាសាទគុកព្រីងជ្រុំ (ខេត្តកំពង់ចាម)
ប្រាសាទគោកបេង (ខេត្តព្រះវិហារ)
ប្រាសាទចៅសាយទេវតា
ប្រាសាទ​ចៅស្រី​វិបុល
ប្រាសាទជប់ពល (ខេត្តតាកែវ)
ប្រាសាទដំបងដែក
ប្រាសាទថ្មបាយក្អែក
ប្រាសាទតាកែវ
ប្រាសាទតានៃ
ប្រាសាទតាព្រហ្ម
ប្រាសាទតាព្រហ្ម (ខេត្តតាកែវ)
ប្រាសាទតាមាន់ធំ​(ខេត្តឧត្ដរមានជ័យ)
បា្រសាទតាមាន់តូច​(ខេត្តឧត្ដរមានជ័យ)
បា្រសាទតាក្របី​(ខេត្តឧត្ដរមានជ័យ)
ប្រាសាទតាសោម
ប្រាសាទត្រពាំងផុង
ប្រាសាទទ
ប្រាសាទទេពប្រណម្យ
ប្រាសាទទន្លេស្ងួត
ប្រាសាទធម្មនន្ត
ប្រាសាទនរាយ (ខេត្តព្រះវិហារ)
ប្រាសាទនាគព័ន្ធ
ប្រាសាទនាងខ្មៅ (ខេត្តតាកែវ)
ប្រាសាទបក្សីចាំក្រុង
ប្រាសាទបន្ទាយក្តី
ប្រាសាទបន្ទាយឆ្មារ (ខេត្តបន្ទាយមានជ័យ)
ប្រាសាទបន្ទាយធំ
ប្រាសាទបន្ទាយព្រៃ
ប្រាសាទបន្ទាយសំរែ
ប្រាសាទបន្ទាយស្រី
ប្រាសាទ​បាកាន ស្រុក​កំពង់​ស្វាយ (ខេត្តកំពង់ធំ) (ប្រាសាទ​នេះ ពួក​បស្ចិម​ប្រទេស​ហៅ​ដោយ​ច្រឡំ​ថា ព្រះ​ខ័ន​កំពង់​ស្វាយ)
ប្រាសាទបាគង (ក្រុមប្រាសាទរលួស)
ប្រាសាទបាតជុំ
ប្រាសាទបាណន់ (ខេត្តបាត់ដំបង)
ប្រាសាទបាពួន
ប្រាសាទបាយ័ន
ប្រាសាទបាសែត (ខេត្តបាត់ដំបង)
ប្រាសាទបឹងមាលា
ប្រាសាទប្រែរូប
ប្រាសាទព្រៃ
ប្រាសាទព្រៃក្មេង
ប្រាសាទព្រៃប្រាសាទ
ប្រាសាទព្រះខ័ន
ប្រាសាទព្រះគោ (ក្រុមប្រាសាទរលួស)
ប្រាសាទព្រះធាតុបារាយណ៍ (ខេត្តកំពង់ចាម)
ប្រាសាទព្រះប៉ាលីឡៃ
ប្រាសាទព្រះពិធូ
ប្រាសាទព្រះវិហារ (ខេត្តព្រះវិហារ)
ប្រាសាទភូមិប្រាសាទ
ប្រាសាទភ្នំក្រវាន់
ប្រាសាទភ្នំក្រោម
ប្រាសាទភ្នំជីសូរ (ខេត្តតាកែវ)
ប្រាសាទភ្នំធំ
ប្រាសាទភ្នំបាខែង
ប្រាសាទភ្នំបាណន់ (ខេត្តបាត់ដំបង)
ប្រាសាទភ្នំបាសិទ្ឋ
ប្រាសាទភ្នំជើងព្រៃ (ខេត្តកំពង់ចាម)
ប្រាសាទភ្នំបូក
ប្រាសាទភ្នំព្រលាន (ខេត្តព្រះវិហារ)
ប្រាសាទមានជ័យ
ប្រាសាទមេបុណ្យខាងកើត
ប្រាសាទមេបុណ្យខាងលិច
ប្រាសាទយាសពាន (ទន្លេបាទី)
ប្រាសាទយាយពៅ (ខេត្តតាកែវ)
ប្រាសាទរោងរមុង
ប្រាសាទលាក់នាង
ប្រាសាទលលៃ (ក្រុមប្រាសាទរលួស)
ប្រាសាទល្បើក
ប្រាសាទវត្តខ្នារ
ប្រាសាទវត្តព្រះធាតុថ្មដា (ខេត្តកំពង់ចាម)
ប្រាសាទវត្តឯកភ្នំ (ខេត្តបាត់ដំបង)
ប្រាសាទវិមានអាកាស
ប្រាសាទស្នឹង (ខេត្តបាត់ដំបង)
ប្រាសាទសំបូរព្រៃគុប (ខេត្តកំពង់ធំ)
ប្រាសាទស្រឡៅ
ប្រាសាទស្វាយព្រាហ្មណ៍
ប្រាសាទហាន់ជ័យ (ខេត្តកំពង់ចាម)
ប្រាសាទអកយំ
ប្រាសាទអង្គរវត្ត
ប្រាសាទអណ្ដែត
លានជល់ដំរី
លានស្ដេចគម្លង់
ស្ពានថ្ម
ស្រះស្រង់

អំពីអំបូរខ្មែរ-មន

កាលពីដើមអំបូរខ្មែរ-មន នេះគេយល់ថា គ្រាន់តែជាអំបូរភាសាមួយប៉ុណ្ណោះ។ យ៉ាងណាមិញ ភាសាវិទូមួយក្រុមមានជាអាទិ លោក James R.Lagan បានរកឃើញនូវអត្ដិភាពនៃអំបូរភាសានេះមុនគេនៅឆ្នាំ ១៨៥៦ប៉ុន្ដែកាលណោះ គេនិយមហៅអំបូរនេះហៅថា «មន-អាណ្ណាម» រឺ មន-ខ្មែរ =អាណ្ណាម។ ក្រោយទៀតដោយសិក្សាទៅឃើញថា ភាសាអាណ្ណាម មានលក្ខណខុសប្លែកពីអំបូរភាសាមន = ខ្មែរ ទើបភាសាវិទូខ្លះបានដកភាសានេះចេញ ហើយយកទៅបញ្ចូលក្នុងក្រុមភាសាថៃវិញ ។ នេះជាទស្សនៈរបស់លោក Henri Maspéro ដែលលោកបានលាតត្រដាងយ៉ាងច្បាស់លាស់ក្នុងអត្ថបទសិក្សាមួយមានចំនងជើងថា «Etude Sur La phonétiquehistorique de la langue annamite...les initiales.» ។
ចំពោះភាសាវិទូជាតិអាល្លឺមង់ P.W. Schmidt អំបូរ មន-ខ្មែរ មិនគ្រាន់តែជាអំបូរភាសាទេ តែជាអំបូរជាតិសាស្ដ្រផងដែរ ។ ក្នុងសៀវភៅ «Les peuple mon-Khmer» បោះពុម្ពផ្សាយនៅឆ្នាំ ១៩០៨ នៅហាណូយ លោកបានបង្ហាញនូវលក្ខណៈរូបរាងកាយរបស់ជនជាតិទាំងនោះដែលមានដូចតទៅ៖
មាឌតូចល្មម អាចឡើងដល់មធ្យម
ស្បែកសំបុរសន្ដែកបាយ (Foncé)
ភ្នែកមានសន្ឋានត្រង់ហើយផ្ដេក បើកធំៗ
ច្រមុះទូលាយ
ក្បាលពយ
គួរកត់សំគាល់ថា ចំពោះមាឌក្ដី លលាដ៍ក្បាលក្ដី លោក P.W. Schmidt ពុំបានបង្ហាញលេខក្នុងការវាស់វែងអោយបានច្បាស់លាល់ទេ ហើយមានចំនុចខ្លះដូចជាលលាដ៍ក្បាលជាដើមលោកបានបង្ហាញលទ្ធផលដែលមានទំនាស់នឹងលទ្ធផល ផ្ដល់ដោយអ្នកប្រាជ្ញផ្សេងទៀត ។ ក្នុងសៀវភៅមានចំនងជើងថា « Les Population duCambodge» លោកបណ្ឌិត G.Olivier បានចុះផ្សាយនូវតារាងនៃលទ្ធផល ការវាស់វែងរបស់លោក ហើយដែលយើងអាចដកស្រង់បានដូចតទៅ៖
ខ្មែរមានកំពស់មធ្យម ១.៦១ម និងមានសន្ទស្សលលាដ៍ក្បាល ៨៤.៥
មនមានកំពល់មធ្យម ១.៦២ម និងសន្ទស្សលលាដ៍ ៨៥.៦
បើយោលតាមលទ្ធផលខាងលើនេះយើងឃើញថា ខ្មែរ និងមន មានកំពល់មធ្យមដូចគ្នា (ខុសគ្នាតែមួយភាគរយប៉ុណ្ណោះ អែក្បាលរាងមូលដូចគ្នាទៀត (ខុសគ្នាតែ ១.១) មិនមែនពយដូចលោក P.W. Schmidt យល់នោះទេ។ប៉ុន្ដែទោះជាយ៉ាងនេះក៏ដោយ ក៏យើងអាចយល់ថា ត្រង់ហ្នឹងគ្រាន់តែជាការភាន់ច្រលំទេ ព្រោះលោកបានសរសេរសន្និដ្ឋានថា លក្ខណៈទាំងនោះ អនុញ្ញាតអោយលោកអះអាងថា ពួកមនុស្សនោះស្ថិតដាច់ចេញពីអំបូរមុងហ្គោលផង និងអំពីអំបូរអារ្យផង។
លោក Maurice Glaize អតីតអភិរក្សអង្គរ បានសរសេរក្នុងសៀវភៅ Les Monuments du grouped'Akorថា Les Khmers se rattachent en effet, tant au point de vue eth mologique quelinguistique, aux populations môn de Basse Birmanie... (ជនជាតិខ្មែរ ជាប់ពូជអំបូរទាំងខាងជាតិសាសន៍ និងទាំងខាងភាសា ទៅនឹងជនជាតិមននេះ ប្រទេសភូមាខាងក្រោម L'Asie du Sud Est ក្បាលទី២ថា Khmer, peuple demême souche ethnolinguistique les Môns ខ្មែរជាជនជាតិរិសគល់ខាងជាតិសាសន៍ និងភាសាជាមួយនឹងជនជាតិមន។
សរុបសេចក្ដីមក យើងឃើញថា លទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់លោក P.W.Schmidt លោក G.Olivierលោក Maurice Glaize និងលោក Philippe Devilers ដូចបានរៀបរាប់រួចមក ហើយជាភស្ដុតាងសំរាប់បញ្ជាក់និងគាំទ្រនូវទស្សនៈរបស់លោកអ្នកប្រាជ្ញទាំងឡាយដែលបានចាត់ទុកថាអំបូរ ខ្មែរ-មន ជាអំបូរពិសេសមួយ។
បើតាមអែកសារថ្មីដែលបោះពុម្ពផ្សាយនៅសហរដ្ឋអាមេរិក នៅឆ្នាំ១៩៦៤ (Ethnic groups of mainlandsouth-East) អំបូរខ្មែរ=មន មានគ្នាទាំងអស់ ៧៦ ក្រុម រស់ចាប់តាំងពីប្រទេសអិន្ឌាខាងកើត រហូតដល់សមុទ្រចិនកាត់តាមប្រទេសភូមា ប្រទេសថៃ ប្រទេសលាវ ប្រទេសវៀតណាម និងប្រទេសខ្មែរ។ ក្នុងចំនោមជនជាតិខ្មែរ-មនទាំងឡាយមានតែខ្មែរ និងមនទេដែលបានកសាងអរិយធម៌ខ្ពស់ជាងគេ ព្រោះម្យ៉ាងដោយហេតុជនជាតិទាំងនេះ បានទៅរស់នៅត្រង់វាលទំនាបនៃទន្លេធំៗ ដែលមានជីជាតិល្អ ហើយម្យ៉ាងទៀតដោយមានការប្រាស្រ័យទាក់ទងនឹងបរទេសទៀតផង ។ ចំនែកអែជនជាតិខ្មែរ-មនអែទៀត ដែលរស់នៅតាមព្រៃភ្នំ ស្ទើរតែគ្មានទំនាក់ទំនងជាមួយគ្នាផងនោះ ក៏ឃើញថាគ្មានការចំរើនលូតលាស់ នៅទន់ខ្សោយគ្រប់វិស័យទាំងអស់។ ដោយហេតុនេះហើយបានជាអ្នកប្រាជ្ញលោកបានយកឈ្មោះពីរនេះ គឺ «មន» និង «ខ្មែរ» មកធ្វើជាឈ្មោះសំរាប់សំគាល់អំបូរទាំងមូល គឺអំបូរខ្មែរមន ប៉ុន្ដែខ្មែរយើងបានផ្លាស់ឈ្មោះនេះពី មន = ខ្មែរ មកជាខ្មែរ-មនវិញ ព្រោះយើងយល់ថា ខ្មែរជាធាតុសំខាន់ជាងគេ ព្រោះជាជនជាតិមួយមានគ្នាច្រើនជាងគេ ហើយមានឋានៈ ជារដ្ឋប្រកបដោយអែករាជ្យ និងអរិយធម៌ខ្ពង់ខ្ពស់ទៀតផង ។ គួរបញ្ជាក់ដែរថា ការកែប្រែមកហើយនេះ បានទទួលការយល់ព្រមពីអង្គការយូនេស្កូ ក្នុងសម័យប្រជុំកាលពីខែតុលា វិច្ឆកាឆ្នាំ១៩៧០ហើយ។ តទៅនេះយើងសូមលើកយកធាតុសំខាន់ជាងគេពីរ នៃអំបូរខ្មែរ-មនមកសិក្សា ដើម្បីអោយបានដឹងថាតើខ្មែរ និងមននេះជាអ្វី?
ក. ខ្មែរក្នុងការសិក្សាស្រាវជ្រាវពីខ្មែរ ទោះក្នុងផ្នែកជាតិសាសន៍ក្ដី ក្នុងផ្នែកប្រវត្ដិសាស្រ្ដក្ដី ក្នុងផ្នែកវប្បធម៌ អរីយធម៌ក្ដីគេតែងឃើញមានបញ្ហាចោទឡើងចំពោះពាក្យថា ខ្មែរ-មន កម្ពុជានេះអែង ។ ចំពោះពាក្យទាំងបីខាងលើនេះអ្នកសិក្សាស្រាវជ្រាវ បានផ្ដល់យោបល់ច្រើនបែបច្រើនយ៉ាងណាស់ ។ រហូតដល់ពេលនេះ យើងមិនទាន់ហ៊ានសន្និដ្ឋានថាយោបល់ណាត្រឹមត្រូវជាងយោបល់ណាទេ។ ដើម្បីជាការត្រិះរិះសំរាប់អ្នកសិក្សា យើងសូមលើកយកទស្សនៈទាំងនោះ មកលាតត្រដាងមួយម្ដងៗដូចតទៅនេះ៖
១. ទស្សនៈលោក G. Coedèsអ្នកប្រាជ្ញរូបនេះបានយល់ថា «ខ្មែរ» ប្រហែលជាកើតមកពីការផ្សំរវាងឈ្មោះ «កម្ពុ» និង «មេរា» ដោយសំអាងទៅលើរឿងព្រេងក្នុងសិលាចារឹក បក្សីចាំក្រុង (ស.វ.ទី១០) ដែលបាននិទានថា ស្ដេចខ្មែរយើងមានដើមកំនើតមកពីអិសី «កម្ពុស្វយម្ភុវ» និងនាងទេពអប្សរ «មេរា» ដែលព្រះអិសូរបានប្រទានអោយជាមហេសី។ ទស្សនៈបែបនេះលោក G.Coe-dès បានត្រដាងក្នុងស្នាដៃលោកឈ្មោះ Histore ancienne des Etats Hindouisésd'Extrême-Orient បោះពុម្ពផ្សាយនៅក្រុងហាណូយកាលពីឆ្នាំ ១៩៤៤ ហើយត្រូវបានព្រះភិក្ខុវិរិយបណ្ឌិតោប៉ាងខាត់ យល់ស្របតាមទាំងស្រុង ។ នៅក្នុងទស្សនាវត្ដីពុទ្ធកសិក្សាឆ្នាំទី១ លេខ៥ ឆ្នាំ១៩៥៧ ព្រះអង្គបានសរសេរជាអាទិថា «ការសម្ព័ន្ធរិសីកម្ពុ និងនាងមេរា នេះជាបុព្វហេតុដែលនាំអោយកើតជាសូរ្យវង្ស រឺអាទិច្ចវង្សឡើងនៅខាងចេលា ។ បើយើងអានប្រមៀលពាក្យ កម្ពុ មេរា នេះបន្ដិចម្ដងៗ ក៏នឹងបានទៅជាពាក្យខ្មែរដូច
កម្ពុ+មេរា > កម្ពុ+មេរ > កមព + មេរ > ក័ម + មេរ > ក មេរ > ក្មេរ =ខ្មែរ។
ដំនើរនេះមានន័យសមរម្យទំនងបានទៅជាពាក្យថាខ្មែរណាស់។..អ្នកបាលីបានធ្វើពាក្យថា ខ្មែរ ទៅជាបាលីថាខេមរប្រែថា អ្នកមានសេចក្ដីក្សេមក្សាន្ដ ។
ពាក្យកម្ពុជាកើតចេញមកពីពាក្យរិសីកម្ពុ + ស្វយម្ភុវនេះដែរ ព្រោះកាលដែលរិសីកម្ពុ បាននាងអប្សរ មេរានោះក៏បានកើតជាវង្សមួយខាងចេលាហៅថា សូរ្យវង្ស រឺអាទិច្ចវង្ស គឺវង្សស្រីកម្ពុ។ តាមប្រវត្ដិថា ការសម្ព័ន្ធ កម្ពុមេរានេះកើតបានជាបុត្រពីរព្រះអង្គហៅថា កម្ពុជៈ = បុត្រកម្ពុ គឺស្រកវរ្ម័ន និងស្រេស្ធវរ័្មន សោយរាជ្យសន្ដិវង្សងខាងចេនលាជាប់រៀងដរាបមក។ ដើមឡើយគេមិនសូវឃើញមានប្រើពាក្យ កម្ពុជៈនេះទេ តែកាលព្រះបាទជ័យវរ្ម័នទី២ បានសោយរាជ្យមានអំនាចខ្លាំងពូកែ បានរួបរួមចេនលាលើក្រោមអោយជាអែកភាព ហើយទើបឃើញមានសិលាចារឹកប្រើពាក្យ កម្វុជទេស រឺ កម្ពុជទេស ប្រទេសនៃបុត្រកម្ពុ។ ចំពោះយោបល់ដែលថាពាក្យ ខ្មែរ កើតមកពីការផ្សំ កម្ពុ និងមេរា លោកឆត្រាប្រេមរឺឌី និងលោក Pierre Fabricius ថាមិនសមហេតុផលទេ ព្រោះមិនស្របតាមក្បួនច្បាប់និរុត្ដិវិជ្ជា។
២. ទស្សនៈលោក ឈឹម ក្រសេមនៅក្នុងជំពូកទី១ ស្ដីពីដើមកំនើតជាតិខ្មែរ យើងមានអោកាសលើកយកទស្សនៈនេះមកលាតម្ដងរួចមកហើយ។នៅពេលនេះយើងគ្រាន់តែស្រង់យកអន្លើខ្លះ បង្ហាញឡើងវិញសំរាប់បំភ្លឺនូវការសិក្សារបស់យើងប៉ុណ្ណោះ។លោកឈឹមក្រសេម បានសរសេរជាអាទិថា «ខ្មែរយើងដើមឡើយមុនដែលផ្សាយមកក្នុងកម្ពុជរដ្ឋអាស្រ័យនៅក្នុងកុមេរុរដ្ឋនោះៗ ជាប្រទេសរបស់ខ្មែរ អំពីបុរាណកាលមក។ ឈ្មោះជាតិខ្មែរហៅត្រឹមត្រូវតាមសូរសព្ទដើមថា កុមេរុ ដូច្នេះតែតាមសំលេងជាធម្មតា កុមេរុ៍ ទំនងដូចឈ្មោះភ្នំព្រះសុមេរុគេហៅនៅត្រឹមសុមេរុ៍។ លុះយូរមកឈ្មោះនេះបានក្លាយទៅទៀតប្រាកដនៅសិលាចារឹករបស់ខ្មែរថា ក្មេរ ទៅជាសំលេងផ្សំក្រោយសម័យសិលាចារឹកមកបានប្រែថា ខ្មែរ ។
ដូច្នេះបើតាមលោកឈឹម ក្រសេម ពាក្យ ខ្មែរ បានក្លាយមកពីពាក្យ កុមេរុ ដែលជាឈ្មោះសំគាល់ជនជាតិខ្មែរនិងប្រទេសរបស់ខ្លួនកាលដែលរស់នៅក្នុងប្រទេសអិន្ឌាម៉្លេះ។ លោកឆត្រាប្រេមរឺឌី ក្នុងអត្ថបទ «ខ្មែរមកពីណា?» ផ្សាយតាមវិទ្យុជាតិនៅខែ កុម្ភៈ ១៩៧៣ បានគ្រាំទ្រទស្សនៈនេះយ៉ាងសកម្មណាស់។
កុមេរុ > ក្មេរ > ខ្មែរ
៣. ទស្សនៈលោក រស់ សារេតក្នុងអត្ថបទសុំធ្វើវិសោធនកម្មផ្ញើជូនសភាធម្មនុញ្ញ ហើយដែលចុះថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ១៩៧១ លោករស់ សារេតសមាជិកនៃអង្ការជាន់ខ្ពស់នេះ បានសរសេរជាអាទិថា ៖ «បើតាមកាសិក្សាស្រាវជ្រាវដែលខ្ញុំធ្លាប់បានពិចារណាចេះចាំមកឃើញថាប្រទេសខ្មែរ ដែលកាលពីជំនាន់ហៅថា ក្រុងខម នោះគឺ ជាតួដែនដី រឺអុបទ្វីប សុវណ្ណភូមិ ដែលភាសាបារាំងហៅថា La chersonèse d'or..ការដែលយើងយកន័យខាងលើនេះមកពោលគឺ គ្រាន់តែចង់បង្ហាញអោយឃើញថា សុវណ្ណភូមិ គឺជា នគរខម រឺហៅថាក្រុងខម ដែលមានន័យថាមាសដូចគ្នា។ ពាក្យថាខម នេះក្លាយមកពីពាក្យថា កម ដែលប្រែថា មាស ។ អែស្ដេចដែលសោយរាជ្យបឋមវង្សនៃនគរខម មានព្រះនាមថា កុមេរាជ ដែលប្រែថា មាសដែរ ហើយដែលត្រូវនឹងភាសាសៀមថា ព្រះថង រួចក្លាយយារទៅជាព្រះថោង ដូចដែលយើងធ្លាប់ថារត់មាត់មកហើយ
ហេតុអ្វីបានជាជនជាតិខមក្លាយទៅឈ្មោះថា ខ្មែរ ទៅវិញ? ត្រង់ណេះប្រហែលមកពីជនជាតិខម នៅពេលជំនេរចេរកាលតមកក្រោយទៀត ចង់រក្សាតំលៃរិទ្ធិរបស់ខ្លួន ដែលធ្លាប់ល្បីល្បាញខ្លាំងពូកែ កាលពីជំនាន់កមេរុរាជជាក្សត្របឋមវង្សគ្រប់គ្រងខមនោះហើយ បានជាប្រែក្លាយឈ្មោះពី កម រឺ ខម មកជា កមេរុ រឺ ខមេរុ ហើយដែលយាយូរៗមក ទៅជា ក្មេរ រួចទីបំផុតទៅជាខ្មែរសព្វថ្ងៃនេះ ។
ចុះចំពោះពាក្យថា កម្ពុជា វិញយ៉ាងម៉េចដែរ? បើយើងបានពិចារណានូវសម្មតិកម្មពីខាងលើនេះរួចហើយ យើងប្រហែលជាអាចយល់បានដោយងាយអំពីន័យនៃឈ្មោះ កម្ពុជានេះ។ នៅក្នុងពាក្យថា កម្ពុជា យើងឃើញមានពាក្យ កម ដែលប្រែថាមាស ហើយនិងពាក្យ ពុជា ដែលប្រែថាពូជ ផ្សំគ្នាទៅជា កម្ពុជា គឺ កម រឺខម រឺ ក្មេរ រឺខ្មែរដដែលហ្នឹង។ សរុបសេចក្ដីមក យើងអាចសង្ខេបទស្សនៈរបស់លោករស់ សារេត ក្នុងតារាងខាងក្រោមនេះ។
កម > ខម > កមេរុ > ក្មេរ > ខ្មែរ > កម + ពុជា > កម្ពុជា រឺ កមពុជា
៤. ទស្សនៈលោក ពៅ ឈិនលោកពៅ ឈិន ជាព្រឹទ្ធបុរសនៃក្រុមសាលាសន្សំសុខ សង្កាត់លេខ៥ ក្រុងភ្នំពេញបានសរសេរក្នុងសៀវភៅ «អរិយធម៌ខ្មែរ-មន» បោះពុម្ពចុងឆ្នាំ១៩៧១ ថា «ពាក្យថាខ្មែរ ក្នុងវចនានុក្រមសំដេចព្រះសង្ឃរាជ ជួន ណាត ព្រះអង្គទ្រង់បានប្រាប់ថា នៅក្នុងអក្សរសិលាចារឹកពីបុរាណឃើញមានសរសេរ ក្មេរ យ៉ាងនេះខ្លះដែរ ប៉ុន្ដែព្រះអង្គទ្រង់យល់ថា ពាក្យនេះ ទំនងមកពីមគធភាសាថា ខេមរៈ ដែលប្រែថា «មនុស្សមានសេចក្ដីក្សេម» ដោយសំរេចរូបមកពីអត្ថិតទ្ធិតថា ខេមំ-យស្ស-អត្ថិតិ-ខេមរោ»។ មួយទៀតពាក្យថា ខេមរ មកពី «ខិ + មៈ + រៈ» ប្រែថា «ក្សេមល្អ ការរក្សានូវប្រយោជន៍ដែលបានហើយ»។
ដូច្នេះត្រង់ពាក្យថា ខ្មែរ ដែលសំដេចព្រះសង្ឃរាជព្រះអង្គទ្រង់យល់ថា ទំនងជាមកពីមគធ ភាសាថា ខេមរៈនោះបើតាមការពិចារណារបស់ខ្ញុំ ខ្ញុំយល់ថាពិតជាមកពីពាក្យថា ខេមរៈ នោះមែន ពីព្រោះកាលខ្ញុំនៅវត្ដពីក្មេងនោះខ្ញុំធ្លាប់បានមើលឃើញនៅក្នុងសាស្រ្ដាស្លឹករិត ដែលចាស់ពីបុរាណកាល បានចារសរសេរអក្សរតំរួតគ្នារបៀបនេះច្រើនណាស់ «គឺយកព្យញ្ចនៈដើមព្យាង្គទៅត្រួតលើព្យញ្ជនៈប្រកបដូចជា ត្មា = តាម, ថែ្មទ្ងាំ = ថែមទាំង ផ្មើ =ផើម៘
ដោយអាស្រ័យហេតុដូចមានចង្អុលខាងលើនេះ លោកពៅ ឈិន ជឿថា ខេមរ > ខ្មេរ > ខ្មែរ (ស្រះអែកើតមកពីការនិយមរបស់ខ្មែរក្នុងការអានស្រះ «េ » បាលី-សំស្រ្កិត។ ចំពោះពាក្យ ខម លោកពៅ ឈិន បានសរសេរថា(?) មួយទៀតពាក្យថា ខម នេះបើថាវាក្លាយមកពីពាក្យដើមថា «ខមៈ + អ» ដែលប្រែថា អត់ អត់ធន គួរ រឺថាផែនដី នោះវិញក៏បានដែរ ដោយហេតុថា ខ្មែរយើងនេះជាអ្នកទទួលអរិយធម៌ព្រះពុទ្ធសាសនា ដែលមានអវិហឹង្សាធម៌ គឺត្រូវមានចិត្ដគំនិតអត់ធន មិនបៀតបៀនមនុស្សសត្វទូទៅជាប្រធាន។
ចំពោះពាក្យកម្ពុជា លោកពៅ ឈិន បានសរសេរថា «ព្រះថោងនោះបានផ្លាស់នាមប្រទេសពី នគរគោកធ្លកនោះមកក្រុងកម្ពុជាធិបតី។ ថាបានជាអោយឈ្មោះថា ក្រុងកម្ពុជាធិបតី វិញនោះ ពីព្រោះចង់ប្រើជំនួសពាក្យសុវណ្ណភូមិ ប្រែថា កន្លែងមានមាស ដោយពាក្យទាំងពីរនេះមានន័យថា «កន្លែងកើតមាស» ដូចគ្នា។ ថាចុះហេតុអ្វីក៏ចាំយកពាក្យថា កម្ពុជា មកប្រើជំនួសពាក្យសុវណ្ណភូមិ បើពាក្យទាំងពីរនេះមានន័យដូចគ្នាទេ? ត្រង់នេះថា វាមកពីពួកមន ដែលគេបាននៅតាមមាត់ទន្លេមេនាមរហូតដល់ខាងត្បូងប្រទេសភូមា ក្នុងជ្រោយសុវណ្ណភូមិ ជាមួយគ្នាដែរនោះ គេបានតាំងរដ្ឋអំនាចមួយដែរ។
៥. ទស្សៈរបស់លោក មាស ហាំលោកមាស ហាំមន្រ្ដីចូលនិវត្ដន៍ម្នាក់បានសរសេរក្នុងអត្ថបទ ពង្សាវតារអក្សរខម (វាយអង្គុលីលេខ)ថា នៅប្រទេសអិន្ឌាមានរដ្ឋមួយហៅថា ខមបុត្ដ រឺ ខមពុជ រឺ កមបុត្ដ រឺ កមពុជ។ ដូច្នេះយើងអាចនឹងយល់បានថា ដោយហេតុតែអ្នកស្រុករដ្ឋ ខមពុជ រឺ កម្ពុជា មកតាំងទីលំនៅ នៅប្រទេសគោកធ្លកច្រើន ហើយអ្នកទាំងនោះសុទ្ធសឹងតែជាអ្នកដំរេះវិជ្ជាឆើតឆាយជាជាងអ្នកស្រុកជាតិដើមនៃនគរគោកធ្លក ក៏ប្រែឈ្មោះនគរគោកធ្លកអោយទៅជាកម្ពុជា តមក។ អែត្រង់ពាក្យហៅទៅពលរដ្ឋវិញ គេហៅ កម ទៅដូចជាពុំស្របតាមពាក្យសំដីខ្មែរ ដូច្នេះគេហៅថា ខមទៅវិញ។ ដោយហេតុតែជាតិ ខម ស្និទ្ធស្នាលជាមួយអ្នកគោកធ្លកទើបគេហៅថា ខេមរៈ (ក្លើម្រាក់) ដែលក្លាយទៅទៀតថា ខេមរៈតែដោយពាក្យនេះវែងពិបាកនិយាយ ទើបកែថា ខមមែ ដែលក្លាយទៅជា ខ្មែរ។
៦. ទស្សនៈលោក ហ៊ឹម ខាន់លោក ហ៊ឹម ខាន់ជានាយទាហានម្នាក់នៃកងទ័ពជាតិខ្មែរ។ ក្នុងអត្ថបទវាយអង្គុលីលេខ «ខមអធិប្បាយ» លោកបានពន្យល់ថា ពួកនាគដែលជាម្ចាស់ដើមនៃប្រទេសអិន្ឌា ត្រូវខ្ចាត់ភ្លាត់មកសុវណ្ណភូមិដោយច្បាំងចាញ់ពួកគ្រុឌឈ្លានពាន(ពួកអារ្យ)។ មុននាគមកដល់ គេឃើញផែនដី សុវណ្ណភូមិមានម្ចាស់ដើមហើយគឺពួកខែ និងពួក មនក៏ប៉ុន្ដែលោកអ្នកប្រាជ្ញភាគច្រើនបានអះអាងស្របគ្នាថា ទីស្ថាននេះត្រូវអ្នកបស្ចឹមប្រទេសធ្វើអិន្ឌូបនីយកម្មទាល់តែក្លាយទៅជាប្រទេសអន្ឌាទី២ តាំងពីច្រើនរយឆ្នាំមុនសម័យពុទ្ធកាលម្ល៉េះ។ ពួកមនរមញ្ញជាអ្នកគោរពព្រះអាទិត្យ រីអែពួកខែ (គឺខ្មែរយើងនេះ) ជាអ្នកគោរពព្រះចន្ទ។ ចំបាំងបានកើតឡើងរវាងពួកនាគ និងពួកខែ-មនហើយទោះបីជ័យជំនះបានទៅពួកនាគក៏ដោយ ក៏មួយភាគធំត្រូវក្លាយជាខែ ហើយមួយភាគទៀតក្លាយជាមន។តាំងពីកាលនោះមក នាមនាគក៏កាន់តែបាត់ទៅៗ។ គេពុំដឹងបា្រកដថា ជនជាតិខែរួមនឹងមនហៅថា ខមពីកាលណាទេ។ អ្នកខ្លះហៅខមទៅជា ក្រម ត្លម យុមខាំ ចាម សៀម លាវ ល្វោ ក៏មាន។ គេថាខមនេះច្រើនមានពណ៌សំបុរខ្មៅ។ ក្នុងសៀវភៅចិន្ដាមុនីចែងថា ខម រឺខ្មែរជាជាតិសាសនតែមួយ។ ខ្មែរ ខេមរ និង កម្ពុជាមានន័យដូចគ្នា។
៧. ទស្សនៈលោក ឆត្រាប្រេមរឺឌីលោកឆត្រាប្រេមរឺឌីជាអ្នកស្រាវជ្រាវខ្មែរម្នាក់នៅបរទេស។ ក្នុងអត្ថបទមួយមានចំនងជើងថា «ខ្មែរមកពីណា»ផ្សាយតាមវិទ្យុជាតិ កាលពីខែកម្ភៈ ១៩៧៣ លោកបានបញ្ចេញយោបល់របស់លោកថា កាលពីសម័យបុរាណប្រទេសខ្មែរផ្នែកខាងលើហៅថា ជាន់លើ អែផ្នែកខាងក្រោមហៅថា ក្រោមពូជ។ ពាក្យនេះក្លាយមកទៀតទៅជាក្រមពូជ រួច កមពូជ រួច កម្ពុជា រឺ ខម។
៨. ទស្សនៈលោក កេង វ៉ាន់សាក់ក្នុងសម័យប្រជុំពេញអង្គ នៃក្រុមប្រឹក្សារាជានាចក្រ (អិលូវព្រឹទ្ធសភា) ស្ដីពីការបង្កើតវិទ្យាស្ថានខ្មែ-មន កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ១៩៧០ លោកកេង វ៉ានសាក់បានថ្លែងបំភ្លឺអង្គប្រជុំចំពោះពាក្យ ខ្មែរ និងកម្ពុជា មានសេចក្ដីដូចតទៅ៖
ពាក្យ ខ្មែរ ក្លាយមកពីពាក្យ ក + មេ ។ ហេតុបានជាដូច្នេះ ព្រោះខ្មែរយើងជាអ្នកនិយមទុកស្រីជាធំក្នុងគ្រួសារ និងក្នុងសង្គម បានសេចក្ដីថាខ្មែរយើងជាអ្នកមេនិយម matriarcaliste។ បុព្វបទ «ក» មាននាទីធ្វើន័យរបស់ពាក្យណាមួយមានលក្ខណៈកាន់តែខ្លាំងឡើង ដូច្នេះ ក + មេ មានន័យថា អ្នកគោរពមេខ្លាំងជាងអ្នកអែទៀត ដែលគោរពល្មមៗ រឺគោរពអូវពុកទៅវិញ។ ក + មេ > កមេ > ក្មេ > ក្មេរ > ខ្មេរ > ខ្មែរ
ពាក្យ កម្ពុជា ក្លាយមកពី ក + ពូជជា ។ ហេតុដែលគេហៅខ្មែរយើងថា ពូជជា ព្រោះយើងពុំដែលធ្វើខ្ញុំកញ្ជះអ្នកអែទៀតឡើយ។ ហើយដើម្បីអោយឃើញន័យកាន់តែខ្លាំង គេដាក់បុព្វបទ «ក» ពីមុខមកទៅជា ក + ពូជជា > កពូជជា ដែលអ្នកបាលីសំស្រ្កឹតនិយមសរសេរទៅជា កម្ពុជា ដូច្នេះវិញ។
សរុបសេចក្ដីមក យើងឃើញថាទស្សនៈចំពោះពាក្យថា ខ្មែ-ខម - កម្ពុជា នេះមានច្រើនមែន តែមិនទាន់ចុះសំរុងគ្នានៅឡើយ។ ភាគច្រើនបានខិតខំពន្យល់ពាក្យទាំងនេះដោយនិយមភ្ជាប់ទៅរិសគល់អិន្ឌា មានតែលោកកេងវ៉ាន់សាក់ម្នាក់ទេដែលបានយករិសគល់ ខ្មែរ-មន មកធ្វើជាមូលដ្ឋានក្នុងការពន្យល់នេះ។ គួរកត់សំគាល់ថា ពាក្យខ្មែរនេះច្បាស់ជាបានក្លាយមកពីពាក្យ ខ្មេរ (សម័យអង្គរ) ដែលបានក្លាមកពី ក្មេរ ទៀត(សម័យមុនអង្គរ)។ គួរកត់សំគាល់ម្យ៉ាងទៀតថា ខ្មែរយើងនិយមហៅខ្លួនអែងថា ខ្មែរ អែប្រទេសយើងៗហៅថា ស្រុកខ្មែរ។ ពាក្យថាកម្ពុជាបានក្លាយមកពីពាក្យ កម្ពុជា ដែលបានប្រើក្នុងសិលាចារឹក(ព្រះគោល) រឺ កម្វុជទេស(បន្ទាយឆ្មារ)។ លិលាចារឹកចាមក៏មានប្រើពាក្យ កម្វុជទេសនេះ សំរាប់សំគាល់ប្រទេសខ្មែរយើងដែរ។ សិលាចារឹកបក្សីចាំក្រុង នៅស.វ ទី១០ បានពន្យល់ថា ស្ដេចកម្ពុជាមានដើមកំនើតមកពីអិសី កម្ពុ និងនាងអប្សរ មេរា។ បើដូច្នេះឃើញថាពាក្យ កម្ពុជា មានជាប់ទាក់ទង នឹងស្ដេច រឺរាជវង្សនេះច្រើន។ តើពាក្យ កម្ពុជា នេះត្រូវគ្នានឹងពាក្យចិនថា ចេនឡា រឺទេ ? ព្រោះជនជាតិនេះច្រើនហៅប្រទេសយើងថា ចេនឡា តាំងតែពីចេនឡាជារដ្ឋចំនុះរបស់ហ្វូននរហូតដល់ពេលវាយ ហ្វូនន ពង្រីកអោយទៅជាចេនឡាធំគឺ នៅពេលដែលមានប្រើពាក្យ កម្វុជទេស ក្នុងសិលាចារឹក។អែជនជាតិយួនក៏បានប្រើពាក្យ ចិនឡាប = ចេនឡា តមកទៀត សំរាប់សំគាល់ប្រទេសខ្មែរ នៅសម័យក្រោយអង្គរ គឺសម័យដែលស្ដេចខ្មែរមានឋានន្ដរនាមថា ក្រុងកម្ពុជាធិបតី។
គួរកត់សំគាល់ជាបន្ថែមទៀតថា ពាក្យខ្មែរនេះត្រូវបានជនជាតិបរទេស ស្គាល់យូរយាណាស់មកហើយ។ ចិនហៅយើងថា គីម៉ាវ អារ៉ាប់ហៅថា កោម៉ារ (Qomar) ចាមហៅ ក្វីរ-ក្មីរ យួនហៅ កាវមេន រឺកាវមៀន សៀមលាវហៅខម។ ចំពោះពាក្យ ខម នេះលោកពញាអនុមាន រាជធន អ្នកប្រាជ្ញថៃខាងអក្សរសាស្រ្ដបានសរសេរក្នុងសៀវភៅ «Thai literature in Relation to the Diffusion of her cultures ថា Who were tho Khoms?They were probably a race of people akin to the Mons and the Khmers Cambodians of thepresent-day The olmon alphabet and also the old Khmer alphabet were called khom by theThai។ បើតាន័យខាងលើពាក្យ ខម ទំនងជាកើតមកពី ខ(ខ្មែរ) + ម(មន)ទេដឹង? ព្រោះខ្មែរយើងមិននិយមហៅខ្លួនអែងថាខមទេ មានតែសៀម លាវ ហើយពួកនេះមានការកោតស្ញប់ស្ញែងចំពោះពួកខមនេះណាស់ ព្រោះខម(ខ្មែរ + មន?) ជាអ្នកមានអរិយធម៌ខ្ពង់ខ្ពស់ដែលបានជះអិទ្ធិពលទៅលើពួកសៀមលាវ យ៉ាងសំបើម។
ខ. មនក្នុងអំបូរខ្មែរ-មន មនជាធាតុមួយសំខាន់បន្ទាប់ពីខ្មែរមក។ យ៉ាងណាមិញ ក្នុងអតីតកាល មនជាជាតិមួយធ្លាប់ថ្កុំថ្កើងរុងរឿង មានទឹកដីធំទូលាយ មានប្រវត្ដិសាស្រ្ដយូរអង្វែងមកហើយ។ ដូនតាខ្មែរបុរាណស្គាស់ជាតិមននេះច្បាស់ណាស់បានជាលោកចងក្រងទំនុកច្រៀង និងបទភ្លេងជាច្រើនដែលមានទាក់ទងនឹងជនជាតិនេះដូចជាបទ«មនមុជទឹក» បទ «សំនាងមន» ៘
ជនជាតិមនហៅខ្លួនអែងថា មន ប៉ុន្ដែជាតិភូមាបែរជាហៅជាតិនេះថា តៈលាញ់ Talaing វិញ។ តើពាក្យមននេះមានន័យសេចក្ដីដូចម្ដេច? ហើយពាក្យថា តៈលាញ់នោះមានន័យសេចក្ដីដូចម្ដេចទៀតដែរ?។ ជនជាតិមនបានបញ្ជាក់ថាគេពុំដែលប្រើពាក្យអ្វីដទៃក្រៅពីពាក្យ មន សំរាប់សំគាល់ខ្លួនគេទេ ហើយបានបញ្ជាក់ទៀតថាតាមទស្សនៈរបស់អ្នកប្រាជ្ញខ្លះ ពាក្យ មន នេះទំនងជាក្លាយមកពីពាក្យបាលី មនុ ហើយមានន័យថាប្រជាជាតិដែលមានមហិទ្ធិរិទ្ធិខ្លាំងពូកែ។ នៅក្នុងសិលាចារឹកបុរាណ គេឃើញមានប្រើពាក្យថា ម៌េញ៍ ដែលអ្នកសិក្សាស្រាវជ្រាវសន្មតថាបានវិវត្ដបន្ដិចៗដូចនេះ៖
ម៌េញ៍ > រមេញ៍ > មញ៍ > មន៍
សព្វថ្ងៃនេះ ជនជាតិមនជួនកាលសរសេរថា មញ៍ ជួនកាលសរសេរថា មន៍។ ចំពោះថា តៈលាញ់វិញ មានទស្សនៈច្រើនបែបយ៉ាងដែលខិតខំពន្យល់ ។ នៅទីនេះយើងសូមលើកយកតែបីមកជំរាបដូចតទៅនេះ។
១. ទស្សនៈដែលយល់ថា តៈលាញ់ក្លាយមកពី តយលយ (Toi loin) តយ មានន័យថា មិច្ឆាទិដ្ឋិជន អែ លយមានន័យថា ត្រូវវិនាសអន្ដរាយ។ តយលយ មានន័យថា ពួកមិច្ឆាទិដ្ឋិជនទាំងឡាយត្រូវវិនាសអន្ដរាយ។
ទស្សនៈបែបនេះមានសំអាងលើរឿងព្រេងដែលនិទានថា ក្នុងអតីតកាលមានព្រះមហាក្សត្រមួយអង្គមាននាមថា តិស សោយរាជ្យនៅនគរថាទង។ កាលនោះមានពួកមិច្ឆាទិដ្ឋិជនវាមកញុះញង់ស្ដេចអង្គនេះអោយយល់ខុសជាត្រូវ ដោយបោះបង់ចោលនូវជំនឿព្រះពុទ្ធសាសនា ព្រះពុទ្ធរូបទាំងឡាយ ត្រូវបញ្ជាអោយយកទៅបោះចោលក្នុងទឹកទន្លេ។ គ្រានោះមានកូនស្រីសេដ្ឋីម្នាក់ មានឈ្មោះហៅថា មិត្លថូ នាងនោះជាពុទ្ធសាសនិកយកចិត្ដទុកដាក់គោរពបូជាព្រះពុទ្ធខ្លាំងណាស់ ហើយដោយមិនបានដឹងពីបញ្ជារបស់ស្ដេចទមិឡនោះ តិសៈ ក៏បានស្រង់យកព្រះពុទ្ធបដិមាករ ខ្លះដែលគេទំលាក់ក្នុងទឹកទន្លេ យកទៅតំកល់ទុកក្នុងផ្ទះនាង។ អាស្រ័យដោយហេតុនោះ នាងក៏ត្រូវកាត់ទោសប្រហារជីវិតដោយដុតនឹងភ្លើង និងដោយអោយដំរីជាន់ ប៉ុន្ដែទោះបីពេជ្ឃឃាតខិតខំប្រើគ្រប់មធ្យោបាយយ៉ាងណាក៏ដោយ ក៏ពុំអាចសំលាប់នាងបាន។ ដោយងឿងឆ្ងល់ខ្លាំង ស្ដេចក៏សួរទៅនាងថា តើនាងចេះមុខវិជ្ជាគាថាអ្វីទេ? នាងឆ្លើយថា នាងពុំមានសិល្បសាស្រ្ដអ្វីក្រៅពីជំនឿដ៏មុតមាំលើព្រះពុទ្ធឡើយ។ ស្ដេច តិសៈ យល់កំហុសរបស់ខ្លួន ក៏វិលទៅរកព្រះពុទ្ធសាសនាជាថ្មីឡើងវិញ។ បន្ទាប់មកក៏បញ្ជាអោយចាប់ពួកមិច្ឆាទិដ្ឋិជនទាំងឡាយ ព្រមជាមួយនឹងញាតិសន្ដានទាំងអស់យកទៅកប់ត្រឹមក សំលាប់ដោយភ្ជួរពីលើ។ ខ្លះទៀតដែលមិនចង់ស្លាប់ដោយវិធីនោះ ក៏រត់ទៅលោតទឹកធ្វើអត្ដឃាតទៅ ដូច្នេះពួកមិច្ឆាទិដ្ឋិជនទាំងឡាយត្រូវស្លាប់វិនាសអស់រលីងពីនគរ។ ក្នុងភាសាមន «ពួកមិច្ឆាទិដ្ឋិជនទាំងឡាយត្រូវិនាសអន្ដរាយ» គេនិយាយថា តយឡយ ទើបមានជនខ្លះយល់ស្មានថា យូរៗទៅពាក្យនេះក៏ប្រែក្លាយទៅជា តៈលាញ់ ដែលជនជាតិភូមាប្រើសំគាស់ជាតិមននេះអែង។
២. ទស្សនៈដែលយល់ឃើញថា តៈលាញ់ ក្លាយមកពីពាក្យភូមាពីរម៉ាត់ តាន និងលាញ (Tan lgaing)។ នេះគឺជាទស្សនៈរបស់អ្នកប្រាជ្ញភូមាម្នាក់ឈ្មោះ អ៊ូឆាន់ម្យៈ (U Chan Mya) សាស្រ្ដាចារ្យអក្សរសាស្រ្ដនៅសកលវិទ្យាល័យម៉ាន់ តៈលេ (Mandalay)។ លោកនេះយល់ថា តាន មានន័យថា ទឹក អែ លាញ មាន័យថា ចំរើនលូតលាស់ខ្លាំង រឺ កន្លែងដែលមានទឹកជោរជន់ ។ ចំនេរតមកពាក្យ តាន ក្លាយជាពាក្យ តៈ ហើយ លាយក្លាយជាហ្លាញ (Hliang)។ នៅទីនេះពាក្យ តៈ គ្មានន័យសេចក្ដីអ្វីអោយពិតប្រាកដទេ។ ហ្លាញ វិញមានន័យថា រលក រឺរលកធំៗ។ ចំពោះអ្នកប្រាជ្ញរូបនេះ ប្រទេសមនដែលស្ថិតនៅក្នុង ប្រទេសភូមាខាងត្បូងសព្វថ្ងៃ ជាតំបន់ស្ថិតនៅតាមឆ្នេរសមុទ្រ ហើយដែលតែងតែមានភ្លៀងធ្លាក់ជោគជាំផង នោះសមជាមានឈ្មោះហៅថា តានលាញណាស់ ហើយយូរៗទៅក៏គេប្រើពាក្យនេះសំរាប់សំគាល់ជនជាតិដែលរស់នៅទីនោះតែម្ដង គឺជនជាតិមនហ្នឹងអែង។ ទស្សនៈបែបនេះយើងឃើញថាមានលក្ខណៈសមហេតុផលច្រើន គួរយកទៅពិចារណា ក៏ប៉ុន្ដែគេពុំឃើញប្រើពាក្យនោះ ក្នុងសិលាចារឹក សំរាប់សំគាល់ជនជាតិមនសោះឡើយ។
៣. ទស្សនៈទី៣ ដែលចាត់ទុកថា តៈលាញ់ ក្លាយមកពីពាក្យ តេលិង្គណ ដែលជាតំបន់មួយស្ថិតនៅលើឆ្នេរសមុទ្រខាងកើតនៃប្រទេសអិន្ឌា។ តាមទស្សនៈនេះគេយល់ថា ជនជាតិអិន្ឌាកាលពីដើមបានមកធ្វើជំនួញនៅប្រទេសមន ហើយបានរៀបការជមួយនឹងស្រីមន តែលុះដល់ត្រលប់ទៅស្រុកកំនើតវិញ ពុំបាននាំប្រពន្ធកូនទៅជាមួយផងទេ។ ចំពោះពួកមនជាកូនទាំងនោះហើយដែលគេអោយឈ្មោះហៅថា តៈលាញ់ គឺមានន័យថា គ្មានបា រឺកូនអិតបា ក៏ប៉ុន្ដែចំនេរតមកពាក្យ តៈលាញ់ នេះក៏បានប្រើជាទូទៅសំរាប់ជនជាតិមនទាំងមូល។ ជាការពិតណាស់ថាក្នុងបុរាណកាល ជនជាតិអិន្ឌា និងមនមានការប្រាស្រ័យទាក់ទងនឹងគ្នាជាច្រើន។ ជាភស្ដុតាង គឺជនជាតិមនបានទទួលអិទ្ធិពល វប្បធម៌ពីជនជាតិអិន្ឌាច្រើន មានតួអក្សរពុទ្ធសាសនាថេរវាទជាដើម។ ក្នុងទំនាក់ទំនងរវាងជនជាតិទាំងពីរនេះ ទំនងជាមានពួកអិន្ឌាមកពីតំបន់តេលិង្គណមែនហើយ។ លោកសឺដេស Coedèsក៏មានយោបល់ដូចនេះដែរ L'appellation de Talaing, appliquée aux Môns par ley Birmans, sembleindiquer qu'à une certaine époque le Telingana ou région de Madras fut enrelations partière-maent actives avec le pays môn តែការដែលយកពាក្យថា តៈលាញ់ ប្រើសំរាប់សំគាល់ជនជាតិមនទាំងអស់ហាក់ដូចជាពុំសមរម្យ ។ តាមយោបល់របស់ជនជាតិមនផ្ទាល់ថា ពាក្យ តៈលាញ់ ដែលមានន័យថា កូនអិតបា ជារឿងប្រឌិតឡើងដើម្បីបង្ខូចកេរឈ្មោះរបស់ជាតិគេប៉ុណ្ណោះ។ តាមការពិតពាក្យ តៈលាញ់ មានន័យថាបាត់បង់អូវពុក រឺ អូវពុកត្រូវបាត់បង់ ហើយបានក្លាយមកពីពាក្យ អិត លញរៈ (I'ta loin ra) ពាក្យថា អិតៈ រឺតៈនេះមានន័យថា អូវពុក អែពាក្យ លញរៈ មានន័យថា បាត់បង់ រឺវិនាស តែនៅទីនេះពាក្យថា អិតៈ ពុំមែនសំគាល់ត្រឹមតែអូវពុកជាមនុស្សម្នាក់រឺច្រើននាក់ប៉ុណ្ណោះទេ តែសំគាល់នូវទឹកដីទាំងមូល ជាគេដំនែលពីដូនតារបស់ជនជាតិមនតែម្ដង។ សូមជ្រាបថា ក្នុងគ្រាដែលជនជាតិភូមា វាយលុកចូលក្នុងរដ្ឋមន ជនជាតិនេះរត់គេចពីភូមិស្រុកបន្ដើរស្រែកបន្ដើរថា អិតៈ លញរៈ! បានសេចក្ដីថា ទឹកដីអូវពុកយើងត្រូវវិនាសអន្ដរាយអស់ហើយ តែពាក្យខាងដើមគឺ អិ និង ពាក្យខាងចុង លឺមិនសូវច្បាស់ នៅសល់តែពាក្យ តៈលញ ដែលក្លាយទៅជា តៈលាញ់ តាមសំដីរបស់ជនជាតិភូមាតែម្ដងទៅ។ តើជនជាតិដែលមានឈ្មោះថាមននេះ មានគ្នាប៉ុន្មាននាក់ ហើយរស់នៅទីណាខ្លះ? និងជាពិសេសតើជនជាតិនេះមានប្រវត្ដិពីខាងដើមរៀងដូចម្ដេចខ្លះដែរ?
បើតាមពត៌មានដែលយើងបានទទួល ឃើញថាមនមានចំនួនសរុបប្រហែល ៧លាននាក់។ ក្នុងប្រទេសភូមា ទីកន្លែងដែលជនជាតិនេះរស់នៅច្រើនកុះករបំផុត គឺតំបន់ឆ្នេរសមុទ្រ តេណាស្សេរីម (Tenasserim) និងបេគូ(Pegu)។ ប៉ុន្ដែនៅរដ្ឋធានីយ៉ាងកូង (Rangoon) និងក្នុងភូមិឆ្ងាយដាច់ស្រយាល ស្ថិតនៅខាងលិច ក៏មានជនជាតិមនរស់នៅខ្លះដែរ។ ជនជាតិមនក្នុងប្រទេសថៃមានចំនួនតិចជាងប្រទេសភូមា ហើយច្រើននៅជិតៗក្រុងបឹងកក់ នៅជុំវិញកាន់បុរី (ពួកនេះជាកូនចៅរបស់ជនភៀសខ្លួននៅ ស.វ.ទី១៨-១៩) នៅលព្វបុរី នៅអុថៃថានីនិងនៅជិតនគររាជ។
ប្រពៃនីប្រវត្ដិសាស្រ្ដមនបានដំនាលថា ជនជាតិមនមានកំនើតនៅត្រង់ថាទង (សុធម្មវតី) នៅប្រមាណ ៦០០ឆ្នាំមុន គ.ស.ម៉្លេះ។ តែចំលែកត្រង់សព្វថ្ងៃហាក់ដូចជាគ្មានសល់អ្វីជាដុំកំភួន ល្មមអោយចាត់ទុកទីនោះ ថាជារាជធានីចាស់ រឺមួយបុរាណវត្ថុដែលនៅសល់ ត្រូវកប់បាត់ទៅក្នុងដីអស់ទៅហើយ? បើយើងពឹងផ្អែកទៅលើអែកសារចិន ឃើញថាជនជាតិមនបានបង្កើត រដ្ឋទ្វារវតី នៅស.វទី៧ ដែលមានទីតាំងនៅត្រង់វាលទំនាបខាងក្រោមនៃទន្លេមេណាម ក្នុងប្រទេសថៃសព្វថ្ងៃ។ ប៉ុន្ដែបើតាមប៉ាន់ស្មានមើលទៅរដ្ឋនេះប្រហែលកកើតឡើងនូវមុនស.វ.ទី៧ ព្រោះនៅត្រង់ព្រះបឋមពងទឹក ដែលស្ថិតនៅក្នុងរដ្ឋទ្វារវតីគេបានរកឃើញវត្ថុជាច្រើន ដែលមានកាលកំនត់ មុនពាក់កន្ដាល ស.វ.ទី៦។ ចិនប្រហែលមិនបានស្គាល់រដ្ឋនេះមុន ស.វ.ទី៧ ព្រោះវានៅមិនចំផ្លូវជំនួញ។នៅក្រោយកាលកំនត់នេះបន្ដិច ក្រោមកិច្ចដឹកនាំរបស់ព្រះនាងឆាម្មទេវី ជនជាតិមនបានកសាងរដ្ឋមួយទៀតគឺរដ្ឋហវិបុញ្ជ័យនៅត្រង់វាលទំនាបខាងលើនៃទន្លេមេណាម។ ព្រភពចិនបានអោយដឹងថែមទៀតថា រដ្ឋថ្មីមួយត្រូវបានស្ថាបនាឡើងមួយទៀត គឺរាជានាចក្រហង្សវតីនៅឆ្នាំ ៨២៥ ដោយបងប្អូនភ្លោះពីរនាក់ឈ្មោះ សមលនិងវិមល ហើយរដ្ឋនេះ ស្ថិតនៅខាងត្បូងប្រទេសភូមា នៅចន្លោះទន្លេ អិរវតី និងសាល់វិន។
គេបានដឹងថា នៅឆ្នាំ ១០៥៧ ស្ដេចអនោរថដែលបានបង្កើតរដ្ឋភូមាដំបូងគឺ រដ្ឋបូកាន បានលើកទ័ពទៅវាយមននៅថាទង ហើយថែមទាំងបានចាប់យកជាឈ្លើយអស់ជាច្រើនទៅជាមួយផង ។ គួកត់សំគាល់ថា ក្នុងចំនោមឈ្លើយទាំងនោះ មានអ្នកប្រាជ្ញបណ្ឌិតកវីជាច្រើនដែលបានផ្សាយអរិយធម៌របស់ខ្លួនដល់ពួកអ្នកឈ្នះ មានតួអក្សរ និងលទ្ធិពុទ្ធាសាសនាថេរវាទជាដើម។ មកដល់ស.វ.ទី១៦ គឺក្នុងឆ្នាំ ១៥៤០ មេទ័ពភូមាម្នាក់មកពីតងអ៊ូ(Taungo) បានបង្កើតរាជវង្សថ្មីមួយទៀត ហើយលើទ័ពទៅវាយក្រុងបេគួយធ្វើជារាជធានីរបស់ខ្លួនរហូតទៅដែលបន្ដាលអោយជនជាតិមនបាត់បង់អែករាជ្យ អធិបតេយ្យរបស់ខ្លួន ហើយចាប់ពីពេលនោះមក ក៏អស់មានឋានៈជារដ្ឋរស់នៅបែកខ្ញែកគ្នា ហើយចំនួនប្រជារាស្រ្ដក៏កាន់តែរលោះទៅៗ រហូតដល់សព្វថ្ងៃ ដោយហេតុតែមានការបង្ក្រាបដោយសំលាប់រង្គាល បន្ទាប់ពីមានការបេះបោះទាមទារសេរីភាពពីរលើក គឺក្នុងរជ្ជកាលស្ដេចបាយិណោងម្ដង ១៥៥១-១៥៨១ និងដោយមេទ័ពអាលោងផាយ៉ាម្ដងក្នុងឆ្នាំ ១៧៥៧ ហើយប្រហែលជាដោយហេតុនេះហើយ បានជាជនជាតិភូមា និយមហៅមនថាតៈលាញ់ ( តៈលើង ខ្មែរថា ថ្លើង ក្នុងពាក្យថ្លើងបះ គឺអ្នកចូលចិត្ដបះបោរ។

ប្រភពនៃប្រវត្ដិសាស្រ្ដខ្មែរប្រវត្ដិសាស្រ្ដខ្មែរមានប្រភពសំខាន់ពីរ គឺប្រភពជាតិមួយ និងប្រភពបរទេសមួយ

I .ប្រភពជាតិ ក. សិលាចារឹកនិងបុរាណវត្ថុ ពិតមែនហើយសិលាចារឹក និងបុរាណវត្ថុជាប្រភពយ៉ាងសំខាន់ តែការសិក្សាស្រាវជ្រាវក្នុងវិស័យទាំងពីរនេះគឺជនជាតិអឺរុបទេដែលបានផ្ដើមធ្វើឡើងមុនគេ។ ដូច្នេះគួរគប្បីយើងសិក្សាពីបុព្វហេតុដែលជំរុញអោយជនជាតិនេះចូលធ្វើការទាក់ទង នឹងខ្មែរហើយចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើវប្បធម៌អរិយធម៌យើងរហូតដល់ខំធ្វើការសិក្សាស្រាវជ្រាវយ៉ាងសកម្ម។
១.បុព្វហេតុដែលបន្ដាលអោយពួកអឺរុបមកកាន់អាស៊ីអគ្នេយ៍គេនៅចាំបានថា នៅគ.ស.វ ទី១៥ មនុស្សនៅបស្ចឹមប្រទេសមានសេចក្ដីត្រូវការគ្រឿងទេសយ៉ាងខ្លាំង។ ជនជាតិអឺរុបបានស្គាល់គ្រឿងបរិភោគប្រភេទនេះជាលើកដំបូង ដោយសារពួកទាហានដែលទៅច្បាំងដន្ដើមយកផ្នូរព្រះយេស៊ូពីកន្ដាប់ដៃពួកអារ៉ាប់នៅប៉ាលេស្ទីន ហើយនាំយកទៅស្រុកវិញ ដើម្បីអោយក្រុមគ្រួសារខ្លួនបានស្គាល់រសជាតិផង។ លុះចេះប្រើប្រាស់គ្រឿងបរិភោគថ្មីនេះហើយ សេចក្ដីត្រូវការរបស់គេក៏ចេះតែកើនឡើងជាលំដាប់។ពួកឈ្មួញអារ៉ាប់ និងប៉ែរ្ស បានទៅនាំគ្រឿងទេសទាំងនោះ ពីអាស៊ីអគ្នេយ៍ហើយយកទៅលក់នៅអឺរុបដោយបានទទួលប្រាក់ចំនេញជាច្រើន។ នៅអឺរុបពួកឈ្មួញនៅក្រុង Yenise និង Génés បានទទួលគ្រឿងទេសនោះដើម្បីយកទៅលក់អោយប្រទេសអែទៀតៗ ដោយបានចំនេញច្រើន ជាហេតុនាំអោយតំលៃទំនិញកាន់តែកើនឡើងៗ។ ដោយហេតុនោះជនជាតិព័រទុយហ្គាល ក៏មានគំនិតគិតឃើញថា ប្រសិនបើគេអាចធ្វើដំនើរទៅដល់កន្លែងផលិត គ្រឿងទេសតែម្ដង នោះគេនឹងទិញបានដោយតំលៃថោកជាទីបំផុត។
ក្រោយពីការរុករកអស់រយៈពេលច្រើនឆ្នាំ (ពី១៤៣៤ ដល់ ១៤៩៨) កងនាវាព័រទុយហ្គាល ក៏បានធ្វើដំនើរទៅដល់អាស៊ីអគ្នេយ៍។ ចំបាំងកើតមានឡើងរវាងពួកព័រទុយហ្គាល នឹងពួកអារ៉ាប់ជាអ្នកមកដល់ទីនោះមុន។ នៅទីបំផុត ពួកព័រទុយហ្គាលបានទទួលជោគជ័យដោយវាយយកបានក្រុងម៉ាលាកា ជាផ្សារអន្ដរជាតិមួយយ៉ាងធំនៅឆ្នាំ ១៥១១។ ឃើញដូច្នោះហើយជនជាតិអឺរុបអែទៀតៗ ក៏បញ្ជូនកងនាវាមកភូមិភាគអាស៊ីអគ្នេយ៍ជាបន្ដបន្ទាប់គ្នា គឺហុល្លង់ អេស្បាញ អង់គ្លេស បារាំង ហើយជំលោះក៏កើតមានឡើងជានិច្ចជាកាលក្នុងវិស័យជំនួញ។
២. ទំនាក់ទំនងខ្មែរ -អឺរុបក្រោយពីបានពង្រឹងជំហររបស់ខ្លួននៅជ្រោយម៉ាលាយូ ហើយពួកព័រទុយហ្គាល គឺជនជាតិអឺរុបដំបូងដែលបានចូលមកទាក់ទងជាមួយខ្មែរក្នុងរជ្ជកាលរបស់ព្រះបាទអង្គចន្ទ (១៥៥៥)។ ក្នុងចំនោមអ្នកដែលចូលមកក្នុងប្រទេសខ្មែរ មានខ្លះជាអ្នកផ្សាយសាសនា ហើយខ្លះទៀតជាអ្នកផ្សងព្រេង។ គឺពួកចុងក្រោយនេះហើយដែលបានទៅនៅបំរើស្ដេចខ្មែរ បានធ្វើដំនើរទស្សនាប្រទេសខ្មែរ ហើយបានកត់ត្រាទុកនូវហេតុការណ៍ដែលខ្លួនបានឃើញ។គឺកំនត់ទាំងនោះហើយដែលអ្នកប្រវត្ដិសាស្រ្ដបានយកទៅប្រើជាអែកសារសំរាប់ឆ្លុះមើលសង្គមខ្មែរក្នុងសម័យក្រោយអង្គរ ជាពិសេសក្នុងស.វ ១៦នេះអែង។ បន្ទាប់ពីជនជាតិព័រទុយហ្គាលមក មានពួកអេស្បាញ ហើយចុងក្រោយបង្អស់ គឺពួកបារាំង ដែលបានចូលមកតាំងអានាព្យាបាលរបស់គេលើប្រទេសខ្មែរ។
៣. ការសិក្សាស្រាវជ្រាវពីអរិយធម៌ខ្មែរដោយជនជាតិអឺរុបបើពិនិត្យទៅឃើញថា គឺការរុករករបស់ពួកអានានិគមនិយមស្បែកស នេះហើយជារិសគល់នៃការសិក្សាស្រាវជ្រាវយ៉ាងពេញទំហឹងពីអាស៊ីអគ្នេយ៍ជាទូទៅ និងពីប្រទេសខ្មែរជាពិសេស។ បុព្វហេតុធំៗគឺថាពួកនេះមានការចាំបាច់ក្នុងផ្នែកនយោបាយផង មានចំនង់ចង់ចេះដឹងរបស់ដែលនៅក្រៅប្រទេសផង ហើយចង់បានចំនេះថ្មីខាងផ្នែកមនុស្សសាស្រ្ដដែលកំពុងតែរីកចំរើនឡើងនៅថ្វីបអឺរុប (១៨)។១៨ = ប្រវត្ដិសាស្រ្ដភាគ១ ថ្នាក់ទី១ ខេមរយានកម្ម ភ្នំពេញ ១៩៧២
សូមបញ្ជាក់ថា ការសិក្សាស្រាវជ្រាវពីអាស៊ីអគ្នេយ៍ បានធ្វើឡើងក្រោយការសិក្សាស្រាវជ្រាវពីប្រទេសចិននិងអិន្ឌា ដូច្នេះហើយបានជាមានទំនោរចង់ចាត់ទុកថា អាស៊ីអគ្នេយ៍គ្រាន់តែជាអានាខេត្ដរបស់ប្រទេសធំៗ ទាំងពីរខាងលើប៉ុណ្ណោះ។ តែការសិក្សាស្រាវជ្រាវជាបន្ទាប់មកបានបង្ហាញអោយឃើញនូវភាពប្លែក និងភាពរុងរឿងនៃអរិយធម៌នៅអាស៊ីអគ្នេយ៍។
នៅឆ្នាំ១៨៦១ លោក Henri Mouhot ធម្មជាតិវិទូបារាំងម្នាក់បានមកដល់អង្គរ។ ក្នុងកំនត់ហេតុរបស់លោក ៗបានស្ងើចសរសើរយ៉ាងខ្លាំងចំពោះប្រាសាទខ្មែរ។ នៅឆ្នាំ១៨៦៣ បូព៌ាវិទូ Orientaliste ជាជាតិអាល្លឺម៉ង់ A Bas-tian បានរកឃើញថា អក្សរ និងសាសនាខ្មែរនៅសម័យអង្គរ មានដើមកំនើតមកពីអិន្ឌា។ ៣ឆ្នាំក្រោយទៀត(១៨៦៦) លោក J.Thomson ជាតិអេកូស បានថតរូបអង្គជាលើកដំបូង ហើយបានបកស្រាយអំពីនិមិត្ដរូបនិយមលោកធាតុនៃអង្គរវត្ដតាមបែបហិន្ឌូនិយម។
សូមបញ្ជាក់ថា ការរកឃើញប្រាង្គប្រាសាទ ដ៏ល្បីឈ្មោះរបស់ខ្មែរបានធ្វើស្របពេលជាមួយនឹងការវាយយកដែនកូសាំងស៊ីន និងកិច្ចចចាខាងផ្លូវទូតរវាងបារាំងនិងសៀម ដែលព្រមព្រៀងអោយបារាំងតាំងអានាព្យាបាលភាពរបស់ខ្លួនលើប្រទេសខ្មែរ(១៩)។ ក្រោយពីបានមកគ្រប់គ្រងប្រទេសខ្មែរហើយ រាជការបារាំងបានចាត់តាំងគណបេសកកម្មរុករកជាច្រើនក្នុងបំនងធ្វើអោយស្គាល់អរិយធម៌ខ្មែរ។ គណបេសកកម្មសំខាន់បំផុតបានតាំងឡើងនៅឆ្នាំ ១៨៦៦ - ១៨៦៧ ហើយបានដឹកនាំដោយលោកវរៈនាវីទោ Doudart de Lagrée។ នាយទាហានរូបនេះបានទៅធ្វើការរុករកនៅតំបន់អង្គរ តែលោកពុំទាន់បានទាញយកផលប្រយោជន៍អំពីកិច្ចការរបស់លោកនៅឡើយព្រោះលោកបានទទួលមរណភាពក្នុងអានាខេត្ដយូនាន។ សហការីរបស់លោកពិសេស លោកអនុនាវីអែកFrancis Garnier បានយកអែកសារទាំងឡាយ ដែលលោកបានប្រមូលនោះ យកទៅធ្វើប្រភេទវិភាគ រួចបោះពុម្ពផ្សាយដោយដាក់ចំនងជើងថា «Voyage d'exploration en Indochine» នៅឆ្នាំ១៨៧៣។ សហការីម្នាក់ទៀតគឺលោក Louis Delaporte បាននាំយកទៅប្រទេសបារាំងនូវរូបចំលាក់ និងរូបស្មិតជាច្រើន ហើយបានរៀបចំតាំងពិពណ៌មួយនៅក្រុងបារីស ស្ដីពីស្នាដៃខ្មែរ ដែលបានធ្វើអោយសាធារណជនចាប់អារម្មណ៍យ៉ាងខ្លាំង។ ពីឆ្នាំ១៨៧៥ ដល់ឆ្នាំ ១៨៧៧ លោកបណ្ឌិត Jules Harmand ក្រោយពីបានធ្វើករារុករកនៅប្រទេសខ្មែរ និងប្រទេសលាវហើយ បានផ្ញើទៅជូនលោក Hendrik Kern បូព៌ាវិទូជាតិហុល្លង់ម្នាក់នូវផ្ទាំងអក្សរផ្ដិត estampages នៃសិលាចារឹក។ អ្នកប្រាជ្ញរូបនេះបានអានដាច់អត្ថបទសំស្រ្កឹត ហើយបានបោះពុម្ពផ្សាយនៅឆ្នាំ១៨៧៩។ ចំនែកអែលោក Etienne Aymonier ដំបូងជាអធិការកិច្ចអ្នកស្រុកអាយ បន្ទាប់មកជា Résident Supérieur នៃប្រទេសកម្ពុជា បានប្រមូលអក្សរផ្ដិតចំនួន ៣៤០ ផ្ទាំង ខ្លះជាភាសាសំស្រ្កិត ខ្លះជាភាសាខ្មែរបុរាណ ១៨៨៣ - ១៨៨៥ ហើយបានអានដាច់ខ្លួនលោកអស់មួយភាគធំ។ លោក Auguste Barth អ្នកផ្ដើមធ្វើការសិក្សាស្រាវជ្រាវពីប្រទេសអិន្ឌា និងសហការីម្នាក់ លោក Abel Bergaigne បានបកប្រែ និងបបោះពុម្ពផ្សាយអត្ថបទសិលាចារឹកជាភាសាសំស្រ្កឹតរបស់ខ្មែរ និងរបស់ចាម ដែលផ្ដល់ជូនលោកនូវកាលបរិច្ឆេត និងព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដ។ នៅឆ្នាំ១៨៨៣ លោក Jean Moura ជា Résident Supérieur បានបោះពុម្ពផ្សាយប្រវត្ដិសាស្រ្ដទី១នៃប្រទេសខ្មែរ «LeRoyaume du Cambodge» ។ លោក Etienne Aymonier ដែលបានបន្ដតំនែង ពីលោក Moura បានបោះពុម្ពសៀវភៅ «Le Cambodge» នៅឆ្នាំ១៩០០។
ការសិក្សាស្រាវជ្រាវនៅចុងបូព៌ាប្រទេស មានទំហំកាន់តែធំឡើង សេចក្ដីត្រូវការ និងសេចក្ដីចំរើនលូតលាស់ក្នុងវិស័យនេះ តំរូវអោយមានការបង្កើត អង្គការអចិន្រ្តៃយ៍ ព្រោះអែកជនម្នាក់ៗ រឺសមាគមអ្នកប្រាជ្ញខ្លះ ដូចជាSocieté des Etudes Indochinoises ដែលតាំងនៅព្រៃនគរពីឆ្នាំ១៨៦៥ មិនអាចបំពេញកិច្ចការដ៏ធំធេងខាងលើអោយបានពេញលេញឡើយ។ គឺនៅក្នុងក្របខណ្ឌនេះហើយដែល ភាសាបារាំងនៅចុងបូព៌ាប្រទេស Ecolfran-çaise d' Extreme Orient ត្រូវបង្កើតឡើងដោយអិន្ឌាវិទូសំខាន់ៗ ដូចជាលោក Barth Bréal និង Bergaigne។ដំបូងឡើងអង្គការនេះមានទីតាំងនៅព្រៃនគរ (១៨៩៨) ក្រោយមកត្រូវបានលើកទៅតាំងនៅក្រុងហានណូយដោយលោក Paul Doumer ដែលបានបង្កើតនៅទីនោះ នូវក្រសួងភូមិសាស្រ្ដ និងក្រសួងភូគព្ភសាស្រ្ដ (១៨៩៩)ថែមទៀត។ ក្រោយមកទៀតអង្គការនេះត្រូវទទួលមើលការខុសត្រូវលើសារមន្ទីរ និងប្រាង្គប្រាសាទទាំងឡាយនៅអិន្ឌូចិនទៀត។
ជាមួយនឹងការបង្កើត «សាលាបារាំងនៅចុងបូព៌ាប្រទេស» លោក Georges Coedès និងលាក Louis Finotបានអោយការសិក្សាស្រាវជ្រាវផ្នែកសិលាចារឹកខ្មែរ ចេះតែមានការចំរើនលូតលាស់ជានិច្ច មានសិលាចារឹកជាង១០០០ អត្ថបទ ត្រូវបានបកប្រែ និងបោះពុម្ពផ្សាយ។
ចាប់ពីឆ្នាំ១៩០០ ហើយដើម្បីផលប្រយោជន៍ លាសាបារាំងនៅចុងបូព៌ាប្រទេស លោក Lunet de Lajonquièreបានធ្វើបញ្ជីសារពើភ័ណ្ឌនៃប្រាង្គប្រាសាទខ្មែរ។ ក្នុងពេលជាមួយគ្នានោះលោក Henri Parmentier ត្រូវបានទទួលបន្ទុកមើលការខុសត្រូវកិច្ចការខាងបុរាណវត្ថុវិទ្យា។ នៅឆ្នាំ១៩០៧ ខេត្របាត់ដំបង និងខេត្ដសៀមរាប ត្រូវបានសៀមសងមកអោយខ្មែរវិញ។ ភ្លាមនោះ ការអភិរក្សអង្គរ Conservation d' Angkor ក៏បានបង្កើតឡើងហើយដឹកនាំដោយលោក J.Comaille និងបន្ទាប់មកលោក Heneri Marchal។ កិច្ចការដំបូងដែលគេចាប់ធ្វើគឺ កាប់ឆ្ការព្រៃដែលដុះព័ទ្ធជុំវិញប្រាសាទ និងស្រង់ឈ្មោះប្រាសាទជាបន្ដពីកិច្ចការរបស់លោក Lunet del la Jonqui-ère មានប្រាសាទទាំងអស់ ១០០០ ត្រូវគេរកឃើញ។ លោក Georges Groslier បានបង្កើតសារមន្ទីរមួយនៅភ្នំពេញ នៅឆ្នាំ ១៩១៨។ ការថតរូបប្រាសាទសំខាន់ៗខ្លះបានធ្វើឡើងនៅប្រាសាទបាយ័ន (១៩០៨) ដោយលោកDufour និង Carpeaux រួចនៅអង្គរវត្ដ និងបន្ទាយឆ្មារ។
ក្នុងដំនាក់ការទីមួយនេះ កិច្ចការសំខាន់របស់សិលាចារឹកវិទូ គឺរកអោយឃើញឈ្មោះ និងកាលកំនត់ កសាងប្រាសាទ។ នៅឆ្នាំ ១៩៣៥ លោក Philippe Stern បានទៅបំពេញបេសកកម្មនៅតំបន់អង្គរ និងភ្នំគូលែន ហើយលោកបានអោយគេកាប់ឆ្ការព្រៃដុះព័ទ្ធប្រាសាទនៅទីនោះ។ នៅឆ្នាំ១៩៣៩ គឺជាលើកដំបូងហើយដែលលោកស្រី Gilberte de Coral Rémusat បានបង្ហាញអោយឃើញជាស្ថាពរនូវតំន កាលកំនត់ និងវិវត្ដន៍រចនាបថនៃប្រាសាទទាំងឡាយរបស់ខ្មែរ។
ក្នងពេលជាមួយគ្នានោះ សេចក្ដីចំរើនលូតលាស់ ក្នុងវិស័យរុះរើប្រាសាទដើម្បីសាងសង់ឡើងវិញ anastyloseដែលសំរេចឡើងដោយក្រសួងបុរាណវត្ថុវិទ្យាហុល្លង់នៅកោះជ្វាបានធ្វើអោយក្រុមអភិរក្សអង្គរចាប់អារម្មណ៍យ៉ាងខ្លាំង។ លោក Georges Trouvé អភិរក្សអង្គរពីឆ្នាំ ១៩៣១ ដល់ ១៩៣៥ បានយកបច្ចេកទេសថ្មីនោះមកអនុវត្ដនៅប្រទេសខ្មែរ។ លោកបានរកឃើញវត្ថុបុរាណជាច្រើន និងបានយល់ច្បាស់ពីសារសំខាន់នៃការបង្ហូទឹកបញ្ចូលស្រែរបស់ជនជាតិខ្មែរក្នុងសម័យបុរាណ។ លោក Maurice Glaize ដែលបានបន្ដដំនែងពីលោកពីឆ្នាំ១៩៣៧ ដល់ឆ្នាំ ១៩៤៥ បានយកបច្ចេកទេសថ្មីនោះមកអនុវត្ដជាបន្ដទៅទៀតចំពោះប្រាសាទសំខាន់ៗរបស់ខ្មែរដែលអាចនៅគង់វង់បានដោយសារតែរូបលោក។ នៅទីបំផុតកិច្ចការស្រាវជ្រាវ និងរក្សាបានប្រព្រឹត្ដជាទូទៅក្នុងប្រទេសខ្មែរ ដូចជានៅប្រាសាទអាស្រមមហារិសី នៅភ្នំជីសូរ និងនៅភ្នំបាយ៉ង់ជាដើម។
ចាប់ពីឆ្នាំ១៩០៨ ដល់ឆ្នាំ ១៩១១ វត្ថុ និងស្ថានីយ៍ខ្លះក្នុងចំនោមវត្ថុ និងស្ថានីយ៍ខ្មែរ ដែលមានចំនាស់ជាងគេបានរកឃើញដោយលោក Heneri Parmentier និងលោកអុត្ដមសេនីយ de Beylié ។ លោក Louse Mallenet អភិរក្សសារមន្ទីរព្រៃនគរ (បង្កើតនៅឆ្នាំ ១៩២៨)បានធ្វើការរុករកយ៉ាងសកម្មហើយរកឃើញស្ថានីយអូរកែវក្នុងដែនដីកម្ពុជាក្រោមសព្វថ្ងៃ
រាជពង្សាវតារពាក្យរាជពង្សាតារនេះកើឡើងពីការផ្សំពាក្យ :
រាជ + ពង្ស + អវតារ > រាជពង្សាវតាររាជៈ អ្វីដែលជារបស់ស្ដេចផែនដីពង្ស < វង្ស : ក្រសែអវតា : ដំនើរឆ្លងចុះ ដំនើរប្រែប្រួល
ដូច្នេះ រាជពង្សាវតារ គឺអែកសារដែលអធិប្បាយអំពីដំនើរប្រែប្រួលរបស់វង្សស្ដេចផែនដីក្នុងអតីតកាល។បើតាមអែកសារចិន រាជពង្សាវតារ ប្រហែលមានតាំងពីសម័យអានាចក្រភ្នំម៉្លេះ ព្រោះអ្នកធ្វើដំនើរចិន បានកត់ទុកថាមានកន្លែងទុកបណ្ណសារ។ មួយផ្នែកទៀតសិលាចារឹករបស់ព្រះបាទសូរ្យវរ្ម័នទី១ នៅប្រាសាទព្រះវិហារបាននិយាយពីត្រកូលមន្រ្ដីដែលមានមុខងារថែរក្សារាជពង្សាវតារ។ តែគួរអោយស្ដាយ! រាជពង្សាវតារនៅសម័យនោះ មិនស្ថិតស្ថេររហូតដល់សព្វថ្ងៃនេះទេ នេះប្រហែលជា ត្រូវអន្ដរាយទៅដោយធាតុអាកាស រឺដោយបំផ្លិចបំផ្លាញរបស់ខ្មាំងសត្រូវដែលចូលមកឈ្លានពានទឹកដី រឺមួយដោយប្រការណាមួយដែលគេមិនអាចដឹងបាន។
១. រាជពង្សាវតារដែលគង់វង់រហូតមកដល់សព្វថ្ងៃរាជពង្សាវតារជាអែកសារអ្នកប្រវត្ដិសាស្រ្ដ ប្រើសំរាប់ចងក្រងប្រវត្ដិសាស្រ្ដខ្មែរជាបន្ដពីអែកសារសិលាចារឹកគឺចាប់ពីស.វ. ទី១៤មក។ ពង្សាវតារទាំងនេះបានរៀបចំឡើងនៅស.វ.ទី១៩ ដោយពឹងផ្អែកទៅលើការទន្ទេញចាំមាត់ខ្លះ និងលើអត្ថបទបុរាណខ្លះ ដែលពីដើមតំកល់ទុកក្រុងអុដុង្គ។ ដោយអាស្រ័យហេតុទាំងនេះហើយទើបមានភាពខុសប្លែកគ្នាក្នុងផ្នែកព្រឹត្ដិការណ៍ផង និងក្នុងផ្នែកកាលកំនត់ផង ពីច្បាប់មួយទៅច្បាប់មួយទៀត។
២. រាជពង្សាវតាររបស់អុកញ៉ាវង្សា សារពេជនងអុកញ៉ាវង្សា សារពេជនង ជារាជគ្រូរបស់ព្រះបាទហរិរក្សរាមាអង្គឌួង។ លោកបានចងក្រងរាជពង្សាវតារមួយច្បាប់ពីឆ្នាំ១៨១៣ ដល់ឆ្នាំ១៨១៨។ ស្នាដៃរបស់លោកត្រូវបានប្រែជាភាសាយួននៅឆ្នាំ១៨៣៥ និងជាភាសាសៀមក្នុងឆ្នាំ១៨៥៥ រួចមកត្រូវបានចំលងជាតួអក្សរឡាតាំងដោយអុកញ៉ា កុលដឺម៉ុងតេរ៉ូ សំរាប់លោក Douldart deLagrée ។ លោក Francis Garnier បានអោយប្រែស្នាដៃនេះជាភាសាបារាំងនៅឆ្នាំ ១៨៥៥ - ១៨៦៦ ហើយបានចុះផ្សាយក្នុងទស្សនាវដ្ដី Journal Nsiatique (១៨៧៣) តែដោយហេតុមានកង្វះព្រឹត្ដិការណ៍នៅស្រុកខ្មែរពីឆ្នាំ ១៧៣៩ ដល់ឆ្នាំ ១៧៨៥ ទើបលោកយកអែកសារ Gia dinh Thong Chi មកបង្រ្គប់។ អែកសារនេះប្រហែលបានសរសេរនៅឆ្នាំ១៨១០ ដោយលោកទ្រិញហ្វាយឌឹក ក្នុងរជ្ជកាលរបស់ស្ដេចមិញម៉ាង ហើយត្រូវបានបកប្រែជាបារាំងដោយលោកអនុនាវីអែក Gabriel Aubaret (20)។20 = H. sutton. Singapore in history, federal publications, Singapore, 1967
៣.រាជពង្សាវតារអែទៀតៗរាជពង្សាវតារអែទៀតៗដែលស្ថិតស្ថេររហូតដល់សព្វថ្ងៃគឺ : នៅបណ្ណាល័យពុទ្ធសាសនបណ្ឌិត៖
ព្រះរាជពង្សាវតារក្រុងកម្ពុជាធិបតី របស់អុកញ៉ាវាំងជួន។
ព្រះរាជពង្សាវតារនគរខ្មែរ ចំលងតាមក្បួនវត្ដកោកកាកតាំងពីឆ្នាំ ១៩៤១។
ព្រះរាជពង្សាវតារខត្ដិយារមហារាជ ចំលងតាមក្បួនវត្ដសិតបូរ តាំងពីឆ្នាំ១៩៤១
ក្បួនវត្ដសិតបូរនេះជាសេចក្ដីចំលងពីរាជពង្សាវតារបស់អុកញ៉ាវង្សា សារពេជនង ផ្នែកចាប់ពីរជ្ជកាលព្រះបាទនិព្វានបាទតទៅ អែផ្នែករឿងចងក្រងឡើងដោយព្រះអង្គម្ចាស់ នពរត្ន នៅបណ្ណាល័យអតីតវាំង។ ពង្សាវតារប្រទេសកម្ពុជា ស្លឹករិតមានចំនួន៣២ខ្សែ ចាប់ពីស្ដេចចាម៦អង្គ និងវង្សស្ដេចខ្មែរ ចាប់ពីព្រះថោងកុមែរាជរហូតដល់ព្រះរាមាធីតី ព្រះស្រីសុរិយោពណ៌ គ.ស. ១៦៣៧ ចារដោយព្រះគ្រូសរិវង្សាមេគណ ហាស់ស៊ុក វត្ដទឹកវិលសង្កាត់កោះខែល ស្រុកស្អាង ខេត្ដកន្ដាល ពីឆ្នាំ១៩៤១។ ពង្សាវតារប្រទេសកម្ពុជា ស្លឹករិតមានចំនួន១២ខ្សែ ពីស្ដេចចាម៥អង្គ និងស្ដេចខ្មែរចាប់ពីព្រះបាទអាទិច្ចវង្សមុន គ.ស.៣១២ឆ្នាំ ដល់ព្រះអង្គទងគំរប់ ២ដង គ.ស. ១៧៥១។
II ប្រភពបរទេស ក. ប្រភពចិនប្រទេសចិនបានចាប់អារម្មណ៍មកលើភូមិភាគនៅអាស៊ីអគ្នេយ៍នេះជាយូរណាស់មកហើយ ហើយបានលើកទ័ពវាយយកប្រទេសតុងកឹង ដើម្បីត្រួតត្រាផ្ទាល់តាំងពីឆ្នាំ ១១១មុន គ.ស. ដល់ឆ្នាំ ៩៣៩ នៃគ.សទៀតផង(២១)។២១ = ព្រះរាជពិធីទ្វារទសមាសភាគ១ បោះពុម្ពលើទី២ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត ពស.២៥០០ គស១៩៥៦
នៅពាក់កន្ដាលសតវត្សទី៣នៃគ.ស បេសកជនចិនពីរនាក់គឺលោកកាំងថៃ Kang Thai និងលោកឈូយីង TchouYing បានមកស្នាក់នៅក្នុងអានាចក្រភ្នំអស់មួយរយៈពេល។ លុះត្រលប់ទៅវិញលោកកាំងថៃបានបោះពុម្ពផ្សាយនូវកំនត់រឿងរ៉ាវដែលទាក់ទង នឹងការធ្វើដំនើរដ៏វែងឆ្ងាយរបស់លោក។ តមកព្រះរាជាគ្រប់គ្រងលើអានាចក្រភ្នំតែងបានទាក់ទងយ៉ាងខ្ចប់ខ្ជួនជាមួយនឹងប្រទេសចិន។ ដោយហេតុនេះហើយទើបមានគណបេសកកម្មខាងទូត ខាងជំនួញ និងខាងវប្បធម៌ត្រូវបានប្ដូរគ្នាទៅវិញទៅមកជាញឹកញាប់ ហើយហេតុការណ៍ទាំងនោះបានអ្នកប្រវត្ដិសាស្រ្ដចិនកត់ទុកយ៉ាងហ្មត់ចត់។
ក្រៅពីអែកសារដែលមានលក្ខណៈផ្លូវការខាងលើនេះ នៅមានកំនត់ហេតុស្ដីពីរឿងរ៉ាវទាក់ទងនឹងបូជនីយេសក៏ចិនកាន់ពុទ្ធសាសនា។ ពុទ្ធសាសនិកទាំងនោះ ភាគច្រើនជាអ្នកចេះដឹង ហើយមានជំនឿយ៉ាងមុះមុតលើពុទ្ធសាសនា បានធ្វើដំនើរទៅប្រទេសអិន្ឌាដើម្បីទស្សនាកន្លែងពិសិដ្ឋៗខ្លះ និងដើម្បីបង្កើនចំនេះខាងសាសនាថែមទៀតផង។ ការធ្វើដំនើរតាមសមុទ្រ ហើយបានចូលឈប់សំចតក្នុងរដ្ឋដែលបានទទួលអិទ្ធិពលអិន្ឌា។ ស្នាដៃដែលមាននិយាយពីស្រុកខ្មែរ គឺកំនត់ហេតុលោកស្យុនសាង Huian tsang និងលោកយីស៊ីង Yitsing ស.វ.ទី៧។
ក្នុងចំនោមអែកសារចិនទាំងឡាយ អែកដែលសំខាន់ជាងគេគឺ កំនត់ហេតុរបស់លោកជីវតាក្វាន់ Tcheou taKouan មានចំនងជើងថា «កំនត់ហេតុស្ដីពីទំនៀមទំលាប់នៃប្រទេសចេនលា» Tchen La fong t'ou Ki។ កំនត់ហេតុនេះបាននិយាយរៀបរាប់ពីប្រទេសខ្មែរនៅចុងសម័យអង្គរគឺ បានធ្វើការពណ៌នាពីរាជធានី ពីជីវភាព ការរស់នៅ ទំនៀមទំលាប់របស់អ្នកស្រុក និងពីស្ថាប័ននានាក្នុងសម័យនោះ។ ស្នាដៃរបស់លោកជីវតាក្វាន់បានប្រែជាភាសាបារាំងពីរលើក លើកទី១ : ដោយលោក Abel Rémusat នៅឆ្នាំ១៨១៩ និងលើទី២ ដោយលោក Paul Pelliot នៅឆ្នាំ១៩០២។ គឺសេចក្ដីបកប្រែចុងក្រោយនេះហើយដែលអ្នកសិក្សាស្រាវជ្រាវច្រើនប្រើជាអែកសារ ក្នុងការស្រាវជ្រាវអំពីអរិយធម៌ខ្មែរ។ គួរបន្ថែមដែរថា លោកលី ធាមតេង ជាសមាជិកសមាគមអ្នកនិពន្ធខ្មែរដែលបានទៅទស្សនាប្រទេសចិននៅក្នុងឆ្នាំ ១៩៦២ បានចំលងយកអែកសាររបស់លោកជីវតាក្វាន់ជាភាសាចិន ហើយយកមកប្រែជាភាសាខ្មែរបោះពុម្ពផ្សាយនៅឆ្នាំ១៩៧១។
ខ. ប្រភពប្រទេសអែទៀតក្រៅពីអែកសារជាតិ និងអែកសារចិន ដែលជាអែកសារមូលដ្ឋាននៅមានអែកសារបន្ទាប់បន្សំខ្លះទៀត ដែលចងក្រងឡើងដោយជនជាតិក្រិច អិន្ឌា អារ៉ាប់ ព័រទុយហ្គាល អេស្បាញ យួន សៀម និងលាវ។
នៅស.វ. ទី២ នៃគ.ស. អ្នកភូមិសាស្រ្ដក្រិចឈ្មោះ Ptolémée បានសរសេរសៀវភៅភូមិសាស្រ្ដដែលមានវគ្គមួយនិយាយពីភូមិភាគអាស៊ីអគ្នេយ៍ដីគោក និងកោះ។អ្នកស្វែងរកមាសអោយឈ្មោះ ភូមិភាគនេះថា សុវណ្ណភូមិ (សំគាល់ដីគោក) និង សុវណ្ណទ្វីប (សំគាល់ដីកោះ) គឺត្រូវនឹងពាក្យ La Chrysé និង La Chersonèse របស់ជនជាតិក្រិច។
មានផ្នែកខ្លះក្នុងគម្ពីរត្រៃបិតកក៏បានសរសេរពីកំពង់ផែសំខាន់ៗទាក់ទងនឹងការធ្វើជំនួញរវាង ប្រទេសអិន្ឌា និងភូមិភាគអាស៊ីអគ្នេយ៍ដែរ។ ក្នុងអត្ថបទទាំងនោះគឺរឿង ជាតក និង និទ្ទេស។
អែកសារព័រទុយហ្គាល និង អេស្បាញ ក៏បានរួមចំនែកខ្លះក្នុងការចងក្រងប្រវត្ដិសាស្រ្ដខ្មែរដែរ។ នៅឆ្នាំ១៩៥៤ក្នុងអោកាសបើកសម័យប្រជុំសមាជអន្ដរជាតិលើកទី២៣ នៃបូព៌ាវិទូនៅក្រុង Cambridge លោក Boxer បានយកអែកសារមួយរបស់លោក Diogo docouto ដែលនិយាយពីក្រុងអង្គរនៅស.វ ទី១៦ទៅលាតត្រដាង(២២)។ លោក Bernata Philippe Groslier បច្ចុប្បន្នអភិរក្សអង្គរបានសរសេរសៀវភៅមួយមានចំនងជើងថា Ang-kor et le Cambodge au 16 siécle ដោយពឹងផ្អែកទៅលើអែកសារព័រទុយហ្គាល និងអេស្បាញ ហើយបោះពុម្ពនៅប៉ារីសនៅឆ្នាំ១៩៥៨។ចុងក្រោយបង្អស់ រាជពង្សាវតារសៀម លាវ និងយួនក៏អាចជួយបំភ្លឺប្រវត្ដិសាស្រ្ដខ្មែរ ដោយអន្លើខ្លះដែរ តែអែកសារទាំងនេះមានគុណវិបត្ដិដូចរាជពង្សាវតារខ្មែរដែរ។